(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ បានស្នើដល់អាជ្ញាធរ មានសមត្ថកិច្ចជួយទប់ស្កាត់ ការនាំចូលត្រីខុសច្បាប់ ពីប្រទេសជិតខាង ហើយអំពាវនាវដល់អ្នកនាំចូលត្រី ងាកមកប្រមូលទិញត្រី របស់វារីប្បករវិញ ដើម្បីបំពេញតម្រូវការក្នុងស្រុក។

ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែល រដ្ឋមន្រ្តី វេង សាខុន អមដំណើរដោយ លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, លោកប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ជាប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញ ចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីចំនួន២កន្លែង ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ។

ក្រោយពីចុះពិនិត្យ កសិដ្ឋានចិញ្ចឹមត្រី ខាងលើនេះ រួចមក រដ្ឋមន្រ្តី វេង សាខុន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង ប្រកាន់យករបរចិញ្ចឹមត្រី ដើម្បីចូលរួមចំណែក បំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូល។

លោករដ្ឋមន្ត្រី វេង សាខុន ក៏បានលើកទឹកចិត្ត ឲ្យវារីវប្បករត្រូវបន្តរក្សាមុខរបរនេះ ព្រោះថា នេះគឺជាអាជីពយ៉ាងរឹងមាំ និងបានចូលរួមយ៉ាងមានប្រសិទ្ធភាព ជាមួយរាជរដ្ឋាភិបាល ក្នុងការធានាសន្តិសុខស្បៀង សម្រាប់ប្រជាជន និងសេដ្ឋកិច្ចជាតិ។

ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រី វេង សាខុន ក៏បានណែនាំឲ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងសមាគមវារីវប្បករកម្ពុជា ជួយរកទីផ្សារ ដើម្បីរក្សានិរន្តរភាពផលិតកម្មចិញ្ចឹម។

លើសពីនោះទៀត ត្រូវជួយរៀបចំផែនការផលិតកម្ម ចងក្រងបណ្តុំអ្នកចិញ្ចឹម និងបញ្ចូលបច្ចេកទេសថ្មីៗបន្ថែមទៀត ទាំងការផលិតកូន ផ្តល់ចំណី និងបរិស្ថានចិញ្ចឹម ឈានឆ្ពោះទៅបំពេញខ្សែច្រវាក់ផលិតកម្ម រួមទាំងខ្សែច្រវាក់តម្លៃបន្ថែមសំដៅដល់ការកែច្នៃ។

លោករដ្ឋមន្ដ្រី វេង សាខុន បានលើកឡើងថា ចំពោះអ្នកបរិភោគ និងអ្នកប្រើប្រាស់ កែច្នៃផលិតផលត្រី សូមបន្តជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីជួយជំរុញកំណើនផលិតកម្ម វារីវប្បកម្មក្នុងស្រុក ឲ្យកាន់តែកើនឡើងទាំងបរិមាណ គុណភាព និងតម្លៃ

លោករដ្ឋមន្ដ្រី ក៏សុំឲ្យវិនិយោគិន ក្នុងស្រុកបង្កើនការវិនិយោគ ក្នុងវិស័យវារីវប្បកម្ម ដើម្បីចូលរួមបង្កើន ផលិតកម្មស្បៀង ផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ តាមតម្រូវការក្នុងស្រុកក្នុងបរិបទ នៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។

នៅក្នុងថ្ងៃដដែលនេះ លោករដ្ឋមន្ដ្រី វេង សាខុន ក៏បានដឹកនាំក្រុមការងារ ចុះពិនិត្យរោងចក្រផលិតចំណីសត្វ AGRI-MASTER មានទីតាំងនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

លោករដ្ឋមន្ត្រី វេង សាខុន បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការចូលរួមផលិតចំណីសត្វ បម្រើឲ្យវិស័យផលិតកម្មសត្វ ដែលកំពុងមានការវិវឌ្ឍន៍ គួរឲ្យកត់សម្គាល់នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងអំឡុងពេល មានការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។

លោកបានលើកឡើងថា នេះគឺជាឱកាសដ៏ល្អ របស់ក្រុមហ៊ុនក្នុងការចូលរួមចំណែក បង្កើនផលិតកម្មចិញ្ចឹមសត្វ និងត្រី តាមរយៈការផលិតចំណី មានគុណភាពល្អ និងតម្លៃសមរម្យ ឆ្លើយតបតាមតម្រូវការក្នុងស្រុក បង្កើតការងារ និងបង្កើនចំណូលគ្រួសារ។

លោករដ្ឋមន្ត្រី វេង សាខុន បានលើកទឹកចិត្តឲ្យក្រុមហ៊ុន ប្រើវត្ថុធាតុដើមក្នុងស្រុក ឲ្យបានច្រើនជាងនេះបន្ថែមទៀត តាមរយៈការអនុវត្តកិច្ចសន្យា ផលិតកម្មកសិកម្ម ដើម្បីលើកកម្ពស់ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ឲ្យអស់លទ្ធភាព កាត់បន្ថយការនាំចេញ៕