(មីយ៉ាន់ម៉ា)៖ សារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា មេដឹកនាំគណបក្ស National League for Democracy ជាបក្សប្រឆាំងនៅមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi បានធ្វើជំនួបជាមួយនឹង មេបញ្ជាការយោធា លោក Min Aung Hlaing ជាលើកទី៣ នៅរដ្ឋធានី Naypyidaw ដើម្បីពិភាក្សាគ្នា លើតួនាទីនៃច្បាប់ និងការបន្តកិច្ចការសន្តិភាពយូរអង្វែង។

លោកស្រី ​Suu Kyi និងលោក Min Aung Hlaing បានធ្វើជំនួបជាមួយគ្នាលើកទី២ កាលពីថ្ងៃទី២៥ ខែមករា។ អាណត្តិថ្មីនៃសភាតំណាង, សភាជាតិ និងសហជីពសភា ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី៨ ខែវិច្ចិកា ជាថ្ងៃបោះឆ្នោតសកល ហើយចាប់ផ្តើមអនុវត្តនៅថ្ងៃទី១ បន្ទាប់ពីអាណត្តិចាស់បានផុតកំណត់ កាលពីថ្ងៃទី៣០ ខែមករា។ ក្រុមសមាជិកសភាមកពីសភា និងយោធា នឹងធ្វើការតែងតាំងបេក្ខជន របស់ពួកគេម្នាក់រៀងៗខ្លួន សម្រាប់ការបោះឆ្នោតជ្រើសតាំង ប្រធានាធិបតី នៅថ្ងៃទី១៧ ខែមីនាខាងមុខ។ បេក្ខជនម្នាក់ ដែលទទួលបានការ បោះឆ្នោតគាំទ្រច្រើនជាងគេ នឹងត្រូវតែងតាំងជាប្រធានាធិបតី ខណៈបេក្ខជននៅសល់ ២នាក់ទៀត ធ្វើជាអនុប្រធានាធិបតី នេះបើតាមរដ្ឋធម្មនុញ្ញ។ ការបោះឆ្នោតប្រធានាធិបតី នឹងធ្វើឡើងស្របតាមរបៀបនៃរដ្ឋាភិបាលថ្មី ហើយការផ្ទេរអំណាច ទៅកាន់ថ្នាក់ដឹកនាំប្រទេសថ្មី នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែមីនា នៅពេលដែលរដ្ឋាភិបាលបច្ចុប្បន្នអស់អាណត្តិ៕