(ភ្នំពេញ)៖ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្រុមចោរប្លន់បាន ៨នាក់ ក្នុងចំណោមក្រុមចោរប្លន់២ក្រុម មានគ្នាជាង១០នាក់ ដែលតែងតែប្លន់ស្រីៗជាញឹកញាប់។ សមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់ក្នុងរយៈពេល២ថ្ងៃ និងបញ្ជូនទៅតុលាការ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

ជាក់ស្តែងកំលាំងកងរាជអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅថ្ងៃទី១៥ កុម្ភៈ ២០១៦ នៅចំណុចមុខផ្ទះលេខ១៩ BE0 ផ្លូវលេខ៣០៤ សង្កាត់បឹងកេងកង ខណ្ឌចំការមន ដែលក្រុមនេះបានភ្ជង់គំរាមប្លន់យកម៉ូតូ Scoopy ពណ៌ស ស្លាកលេខ កណ្តាល 1R-0950 កាលពីថ្ងៃទី១៤ ខែកុម្ភៈ ២០១៦។ ក្រុមចោរនេះ នៅមានបក្សពួក ៣នាក់ទៀតបានគេចខ្លួនអស់។

រីឯម៉ូតូ ១គ្រឿង របស់ជនរងគ្រោះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រគល់ឲ្យម្ចាស់ដើមវិញ និងចោរប្លន់មួយក្រុមទៀត ត្រូវកំលាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន ៧នាក់ជាបន្តបន្ទាប់ ក្នុងនោះ ៣នាក់ឃាត់ខ្លួនបាននៅខណ្ឌពោធិ៍សែនជ័យ, ២នាក់ឃាត់ខ្លួនបាននៅខណ្ឌចំការមន និង២នាក់ទៀតឃាត់ខ្លួនបាននៅខណ្ឌឫស្សីកែវ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ ក្រុមចោរនេះមានគ្នា ១៤នាក់ ចេញប្លន់ជាង ២០ដងរួចមកហើយ ភាគច្រើនគឺ ភ្ជង់ប្លន់ស្រីៗយកកាបូបលុយ ទូរស័ព្ទ និងម៉ូតូ ក្នុងនោះពួកវាចាំច្បាស់បាន ៥ដងគឺ៖
១- នៅតាមផ្លូវព្រះមុនីវង្ស ម្តុំពេទ្យចិនលក់បបរស ក្នុងកំឡុងខែ០២ ឆ្នាំ២០១៦ ប្លន់យកកាបូបលុយពីស្ត្រីម្នាក់ពេលចុះពីឡាន យកបានកាបូបលុយដែលមានលុយ២២០ដុល្លារ និងទូរស័ព្ទម៉ាក Samsung ១គ្រឿង។
២- នៅក្បែរវត្តទួលទំពូង ក្នុងអំឡុងខែ០១ ឆ្នាំ២០១៦ ប្លន់យកកាបូបលុយពីស្រ្តីម្នាក់បានលុយ៨០ដុល្លារ និងទូរស័ព្ទ Nokia ១គ្រឿង។
៣- នៅក្រោយរោងកុនគីរីរម្យ ខណ្ឌចំការមន ក្នុងអំឡុងខែ០១ ឆ្នាំ២០១៦ ប្លន់យកកាបូបលុយពីស្ត្រីម្នាក់ដើរថ្មើរជើង បានលុយ១៦៥ដុល្លារ ។
៤- នៅម្តុំក្រោយរោងកុនគីរីរម្យ ខណ្ឌចំការមន ក្នុងអំឡុងខែ០១ ឆ្នាំ២០១៦ដែរ ប្លន់យកកាបូបលុយពីស្រ្តីម្នាក់បានលុយ២៥ដុល្លារ និងទូរស័ព្ទ Nokia ១គ្រឿង ។
៥- នៅផ្លូវ៤៦០ ភូមិ០២ ខណ្ឌចំការមន កាលពីថ្ងៃទី១២-០២-២០១៦ ប្លន់ម៉ូតូមួយគ្រឿងម៉ាក Nex ពីស្ត្រី២នាក់។

ក្នុងចំណោយជនសង្ស័យទាំង ៧នាក់ ដែលសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបាន មាន ៣នាក់ជាមុខសញ្ញាចាស់ទើបចេញពីគុករួមមាន ១-ឈ្មោះ វី រស្មី (ហៅ ម៉ី) អាយុ២២ឆ្នាំ ជាប់គុកពីបទឆក់ទូរស័ព្ទនៅក្រោយរោងកុនបូកគោ ខណ្ឌចំការមន ចេញពីគុកកាលពីថ្ងៃទី២៨-០៣-២០១៤ ។ ២-ឈ្មោះ ហេង ថា អាយុ២៩ឆ្នាំ ជាប់គុកពីបទលួចទូរស័ព្ទ ចេញពីគុកកាលពីឆ្នាំ២០១១ ។ ៣-ឈ្មោះ ហង្ស សំអាត អាយុ៣៥ឆ្នាំ ជាប់គុកពីបទកាច់កម៉ូតូ ចេញពីគុកកាលពីថ្ងៃទី ៣០-០៥-២០១៥ ។

ក្រៅពីនេះពួកវាមានបក្សពួក ៧នាក់ទៀតបានគេចខ្លួន ក្នុងនោះមានម្នាក់ឈ្មោះ ឈៀន សុជា អាយុ៣៨ឆ្នាំ មានអាវុធខ្លីម៉ាក រ៉ូលូ ១ដើម ក៏ជាមុខសញ្ញាទើបចេញពីគុកកាលពីថ្ងៃទី ១២-១២-២០១៥ផងដែរ បច្ចុប្បន្នជនសង្ស័យជាចោរប្លន់ទាំង ៨នាក់ខាងលើ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយបក្ខពួកទាំង២ក្រុមដែលនៅសល់ សរុប ១០នាក់ទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់យ៉ាងសកម្មបន្តទៀត៕