(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌបឹងកេងកង បានផ្តល់ផ្លូវ២ខ្សែ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ បានចុះពិនិត្យការដ្ឋានផ្លូវចាក់អ៊ុត បេទីម ដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២០ ក្រោមវត្តមានលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងមានការចូលរួមពីលោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធផងដែរ។

លោក ធឹម សំអាន បានអះអាងថា នៅសង្កាត់បឹងកេងកងទី៣នេះ មិនមែនមានតែផ្លូវ២ខ្សែនេះទេ គឺបាននិងកំពុងជួសជុលផ្លូវជាច្រើនខ្សែទៀត ហើយយើងបានទទួលសមិទ្ធផលជាច្រើន។ លោកថា ការអភិវឌ្ឍន៍មូលដ្ឋានធ្វើទៅតាមថវិកាមូលនិធិរបស់សង្កាត់ និងថវិកាខណ្ឌ ព្រមទាំងការផ្តល់នូវសមិទ្ធផល ដែលជាថវិការបស់សាលារាជធានីភ្នំពេញ ផ្តល់ជូនដល់ប្រជាពលរដ្ឋតាមសង្កាត់ទាំង៧។

ក្នុងឱកាសនោះ លោក ធឹម សំអាន បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវ មេត្តាយោគយល់អធ្យាស្រ័យ ដែលប៉ះពាល់ ដោយសារការអនុវត្តគម្រោងនេះ និងចូលរួមជាមួយគណៈកម្មការគ្រប់គ្រងគម្រោង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស លើការអនុវត្តការងាររបស់ក្រុមហ៊ុន។ លោកអភិបាលខណ្ឌ បានបន្ថែមថា យើងធ្វើជាប្រចាំ ធ្វើដើម្បីប្រជាពលរដ្ឋរបស់យើង និងចុងក្រោយលោក សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់នាំគ្នាជួយថែរក្សានូវសមិទ្ធផលដែលទទួលបានផង។

លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ បានបញ្ជាក់ថា គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២០ ដែលត្រូវបើកការដ្ឋានជួសជុលចាក់អ៊ុតកៅស៊ូ នាពេលនេះមានចំនួន២ខ្សែ ប្រវែងសរុប ២៨៦ម៉ែត្រ ស្ថិតនៅលើផ្លូវ៣៥០ កែង១៤៣និង១៦៣ និងផ្លូវ៣៣០ ក្នុងសង្កាត់បឹងកេងកងទី៣។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានស្នើប្រជាពលរដ្ឋចូលរួមជាមួយជាមួយអាជ្ញាធរ សមត្ថកិច្ចដើម្បីរួមគ្នាអនុវត្តគោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព ជាពិសេសរួមគ្នាលប់បំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ លុបបំបាត់មិនឲ្យមានការចែកចាយប្រើប្រាស់ និងផលិតថ្នាំញៀន គោរពច្បាប់ចរាចរទាំងអស់គ្នា។ ការអនុវត្តគោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពទៅបានលុះត្រា តែមានការចូលរួមពីប្រជាពលរដ្ឋ នៅមូលដ្ឋាន វាមិនមែនជាការងារដាច់ដោយឡែករបស់អាជ្ញាធរ និងសមត្ថកិច្ចនោះទេ គឺជាការងាររួម៕