(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា កងទ័ពទាំងអស់មានកតព្វកិច្ចធំបំផុត ក្នុងការការពារ ស្មោះត្រង់ បម្រើសម្ដេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជាឲ្យបានល្អ និងម៉ឺងម៉ាត់បំផុត ដើម្បីជាខ្នងបង្អែកយ៉ាងរឹងមាំ ក្នុងការការពារជាតិឲ្យមានសុខសន្តិភាព មានស្ថេរភាព និងមានសន្តិសុខល្អបំផុត។

អភិបាលខេត្តបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាននៅអង្គភាពតំបន់ប្រតិបត្តិការសឹករង នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅឯតំបន់ប្រតិបត្តិការសឹករងខេត្តកណ្ដាល។

អភិបាលខេត្តបានថ្លែងទៀតថា «អស់លោកមានសំណាងណាស់ ដែលបានបំពេញកតព្វកិច្ចជាកងទ័ព, ជាមន្ត្រីដែលមានភ័ពសំណាងជាងគេ មានមោទកភាពជាងគេ ព្រោះមានសម្ដេចតេជោ ហ៊ុន សែន ជាមេបញ្ជាការដ៏ធំបំផុត ជានាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ និងជានាយករដ្ឋមន្ត្រី ដែលមានបេះដូងសន្តិភាព បេះដូងស្នេហាជាតិ ស្រលាញ់ជាតិ មាតុភូមិ ប្រជាជន និងគោរពព្រះមហាក្សត្រ ដែលទទួលបានការគាំទ្រពីប្រជាជន ភាគច្រើនលើសលប់»

អភិបាលខេត្តបានបញ្ជាក់ទៀតថា កងទ័ពត្រូវប្រុងជើងការជានិច្ច ដើម្បីទប់ស្កាត់ក្រុមឧទ្ទាមណា ដែលមានបំណងមិនល្អមកចំពោះរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលដឹកនាំគណបក្សប្រជាជនកម្ពុជា ខណៈក្រុមឧទ្ទាមអស់នោះ តែងតែប៉ងផ្ដួលរំលំ និងបង្កើតចលាចលក្នុងសង្គមជាតិ ក្នុងទិសដៅបង្កាច់បង្ខូចឈ្មោះ ហើយឆ្លៀតឱកាសដ៏ថោកទាប ដើម្បីចង់ច្បាមយកប្រជាប្រិយភាព និងដណ្ដើមអំណាចទាំខុសច្បាប់ ដែលរូបនេះវាខុសច្បាប់ ហើយកងទ័ពមានកតព្វកិច្ចការពារ និងកំទេចជាដាច់ខាត ទប់ស្កាត់មិនឱ្យមានការចលាចលណាមួយកើតឡើងបានឡើយ។

ទន្ទឹមនឹងសារនេះដែរ លោកអភិបាលខេត្តបានថ្លែងអំណរគុណដល់កងទ័ពទាំងអស់នៅខេត្ត ដែលជាខ្នងបង្អែកយ៉ាងរឹងមាំ និងខែលការពារសន្តិសុខយ៉ាងរឹងមាំ និងតែងតែជួយខ្នះខ្នែដល់ការងារសង្គមទូទៅដែលត្រូវការជាចាំបាច់ ខណៈទទួលបានការសាទរពីប្រជាជនយើងយ៉ាងច្រើនកុះករ។

ស្ថិតនៅក្នុងឱកាសនេះដែរ លោក នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកណ្ដាល បានថ្លែងពីសមិទ្ធផលនានាជាច្រើន ខណៈលោកជួសមុខកងទ័ពទាំងអស់នៃខេត្តកណ្ដាល សូមថ្លែងអំណរគុណដល់លោកអភិបាលខេត្ត ដែលបានឧបត្ថម្ភថវិការសាងសង់អគារបន្ថែមទៀតផងដែរ៕