(ភ្នំពេញ)៖ ហេតុការណ៍គ្រោះអគ្គិភ័យឆេះបន្ទប់ជួលស្ថិតនៅខាងជើងវិទ្យាល័យបាក់ទូក តាមបណ្តោយផ្លូវ១៩៩ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីម៉ោង ១០៖១០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានបន្សល់នូវភាពសោកសៅសម្រាប់ជនរងគ្រោះពីរនាក់បងប្អូនស្នាក់នៅក្នុងបន្ទបន់ បន្ទាប់ពីបងប្រុសរបស់គេបានស្លាប់ពេលកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ យុវជន ឡាញ់ ឈុនលី អាយុ ២៩ឆ្នាំ បានប្រឹងប្រែងយកខ្លួនទៅពាំងការពារប្អូនស្រីរបស់ខ្លួនពីបំណែកអគារបាក់បែប និងអណ្តាតភ្លើងធ្វើឱ្យរូបគេរលាកពេញខ្លួនប្រាណ។

យុវតី ឡាញ់ ប៉ូលីន បានរំលឹករឿងរ៉ាវនេះទាំងទឹកភ្នែកប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅពេលភ្លើងកំពុងឆេះ ហើយខ្លួនកំពុងក្តៅខ្លាំងនោះ ជនរងគ្រោះជាបងប្រុសបានមកឈរពាំងដោយយកដៃទៅកាន់បង្អួច ដើម្បីឱ្យខ្លួនវាចេញទៅខាងក្រៅ។

ជាមួយនឹងភាពភាពក្តុកក្តួលរំជួលចិត្តអានិតដល់បងប្រុសយុវតី ឡាញ់ ប៉ូលីន បានរៀបរាប់រំលឹកយ៉ាងដូច្នេះ «គាត់បានយកខ្លួនទៅពាំងបំណែកអគារបាក់បែកនោះ ហើយគាត់បានឱបខ្ញុំ និងក្រៀកខ្ញុំឡើង។ ខ្ញុំបានស្រែកថាក្តៅណាស់ហ៊ាអើយ ខ្ញុំហប់ណាស់ គាត់បានប្រឹងហែកបង្អួចដែលក្តៅខ្លាំង ហើយឱ្យខ្ញុំលូនចេញ។ ខ្ញុំអានិតហ៊ាខ្ញុំណាស់»

យុវតី ប៉ូលីន ទូរស័ព្ទមកកាន់អង្គភាពព័ត៌មាន Fresh News មិនមែនចង់រំលឹករឿងភាពសោកសៅនេះឡើយ។ តែបំណងនៃការទូរស័ព្ទនេះ គឺរូបនាងចង់ឱ្យព័ត៌មានបំភ្លឺឡើងវិញ ពីមូលហេតុនាំឱ្យមានហេតុការណ៍អគ្គិភ័យ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយដែលទទួលបានការបញ្ជាក់ពីអ្នកជិតខាងនោះ ចុះផ្សាយថា បណ្តាលមកពីការផ្ទុះកំប៉ុងហ្កាស។ សម្រាប់ ប៉ូលីន ជាអ្នកស្នាក់នៅក្នុងបន្ទប់នោះតែម្តង បានអះអាងប្រាប់ Fresh News ថា ហេតុការណ៍មិនមែនផ្តើមចេញពីការផ្ទុះកំប៉ុងហកាសនោះឡើយ តែវាបានផ្តើមចេញពីការទុស្សេខ្សែភ្លើង ហើយរាលដាលទៅកំប៉ុងហ្កាសផ្ទុះឡើងតែម្តង។

ជនរងគ្រោះបានរៀបរាប់ថា នៅថ្ងៃកើតហេតុនោះ បន្ទប់របស់ខ្លួនបានដាច់ភ្លើង ហើយម្ចាស់បន្ទប់ជួល បានមកតភ្លើងឱ្យវិញ។ លុះដល់វេលាយប់នោះ ចរន្តភ្លើងកន្លែងតនោះ បានទុស្សេ ហើយរាលដាលទៅកំប៉ុងហ្កាសផ្ទុះតែម្តង។

ប៉ូលីន ក៏បានច្រានចោលផងដែរ ចំពោះការផ្សាយថា នៅពេលកើតហេតុខ្លួនកំពុងចំអិនម្ហូប។ ប៉ូលីន បានបញ្ជាក់ម៉ោងជាង ១០យប់ទៅហើយ តើចំអិនម្ហូបអីទៀត?

យុវតី ប៉ូលីន បានលើកឡើងថា មរណភាពបងប្រុសជាទីស្រឡាញ់របស់ខ្លួន គឺជារឿងសង្វេគពេកណាស់ទៅហើយ តែវាកាន់តែសង្វេគ និងក្តុកក្តួលខ្លាំងបន្ថែមទៀតនោះ គឺការផ្សព្វផ្សាយខុសពីមូលហេតុពិតនាំឱ្យមានហេតុការណ៍អគ្គិភ័យនេះ។

ដូច្នេះសម្រាប់ ប៉ូលីន ការបញ្ជាក់ច្បាស់នូវមូលហេតុពិតនាំឱ្យមានគ្រោះអគ្គិភ័យនេះ គឺជាការផ្តល់យុត្តិធម៌សម្រាប់សពបងប្រុស និងឱ្យវិញ្ញាណក្ខន្ធបងប្រុសខ្លួនបានស្ងប់សុខ។ យុវតី ប៉ូលីន បានអះអាងដែរថា ការមករកខុសត្រូវលើមូលហេតុពិតនៃហេតុការណ៍នេះ ក៏មិនមែនចង់ទាមទារសំណងអ្វីម្ចាស់បន្ទប់ជួលនោះដែរ គឺគ្រាន់តែឱ្យមហាជនបានជ្រាប និងផ្តល់យុត្តិធម៌ដល់សពប៉ុណ្ណោះ។

ជាមួយការយំខ្សឹកខ្សួលរំជួលចិត្ត យុវតី ប៉ូលីន បានបញ្ជាក់ដូច្នេះ «ខ្ញុំចេញមកបញ្ជាក់ហ្នឹងខ្ញុំមិនចង់ទាមទារសំណងអ្វីពីម្ចាស់ផ្ទះនោះទេ។ ខ្ញុំគ្រាន់តែចង់បញ្ជាក់ពីការពិតនៃហេតុការណ៍ ដើម្បីផ្តល់យុត្តិធម៌ជូនបងប្រុសខ្ញុំ ឱ្យគាត់ស្លាប់ទៅបានបិទភ្នែកជិត»។

ក្នុងឱកាសនេះ យុវតី ប៉ូលីន បានសូមថ្លែងអំណរគុណដល់សប្បុរសជន មិត្តភក្តិ រួមទាំងកាកបាទក្រហមខណ្ឌ ដែលបានចូលរួមបុណ្យសព និងរំលែកមរណទុក្ខ។

បច្ចុប្បន្នសពរបស់យុវជន ឡាញ់ ឈុនលី ដែលបានយកខ្លួនពាំងភ្លើង ដើម្បីសង្គ្រោះជីវិតប្អូនស្រី បានរៀបចំពិធីនៅផ្ទះនាស្រុកកំណើត ក្នុងភូមិសង្វរ ឃុំកំពង់ហ្លង ស្រុកពញាឭ ខេត្តកណ្តាល។

ហេតុការណ៍គ្រោះអគ្គិភ័យដ៏សង្វេគនេះ យុវជន ឡាញ់ ឈុនលី បើទោះបីគេបានរលត់សង្ខាឃ្លាតចាកទៅឆ្ងាយ តែបានបន្សល់ទុកនូវវីរភាពដ៏អង់អាចក្លាហានបំផុត ក្នុងការសង្គ្រោះជីវិតប្អូនស្រីខ្លួនពីអគ្គិភ័យ ដោយមិនគិតពីគ្រោះថ្នាក់ដល់ជីវិតរបស់គេ។

វីរភាពរបស់យុវជន ឡាញ់ ឈុនលី នាំឱ្យផ្ទុះនូវការស្ញប់ស្ញែង និងការអានិតអាសូរយ៉ាងខ្លាំងពីមហាជនផងដែរ៕