(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាម បានត្រៀមគ្រែសរុប ៧៥៦គ្រែ ដើម្បីដាក់នៅតាមមណ្ឌលចត្តាឡីស័កកម្រិត២ និងកន្លែងព្យាបាលអ្នកពាក់ព័ន្ធជំងឺកូវីដ១៩។ ការរៀបចំនេះមណ្ឌលចត្តាឡីស័ក និងគ្រែនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រៀមលក្ខណៈសម្បត្តិឆ្លើយតបនឹងស្ថានការណ៍ជំងឺកូវីដ១៩ ក្នុងមានករណីឆ្លងចូលសហគមន៍ធ្ងន់ធ្ងរនាឆ្នាំ២០២១។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យមើលការរៀបចំកន្លែងសម្រាប់ធ្វើចត្តាឡីស័ក ដែលបានរៀបចំនៅក្នុងខេត្ត។

មន្ត្រីមន្ទីរសុខាភិបាលខេត្ត បានឱ្យដឹងថា នៅក្នុងមណ្ឌលចត្តាឡីស័កដែលបានរៀបចំទុកនោះ អាជ្ញាធរបានរៀបចំគ្រែចំនួន ៧៥៦គ្រែ។ គ្រែទាំង៧៥៦នោះ មាន ៦៥គ្រែ នៅមន្ទីរពេទ្យបង្អែកខេត្ត ប្រើបម្រុងទុកសម្រាប់ព្យាបាលអ្នកផ្ទុកជំងឺកូវីដ១៩។ រីឯនៅមណ្ឌលសម្រាប់ធ្វើចត្តាឡីស័ក កម្រិត២ ចំនួនពីរកន្លែង គឺនៅសណ្ឋាគារមេគង្គ និងនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម មានគ្រែ៦៩១។

មន្ត្រីសាលាខេត្តកំពង់ចាម បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ខេត្តកំពង់ចាម មានពលករត្រឡប់មកពីប្រទេសថៃ ចំនួន ១២នាក់ ហើយកំពុងដាក់ឱ្យធ្វើចត្តាឡីស័ក នៅសណ្ឋាគារមេគង្គ៕