(កំពង់ឆ្នាំង)៖ ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណថ្នាក់កិត្តិយស ព្រះគ្រូអនុគុណស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង, ព្រះគ្រូសិរីមង្គលមុនី ម៉ុច សៅលី, ព្រះគ្រូវិសុទ្ធិវង្សា ចារ្យ នាង ភារុណ, ព្រះគ្រូ រ៉ាយ ចាន់ហាក់, ព្រះគ្រូសិរីធម្មវង្សា សេង ដា, ព្រះគ្រូ អោក ប៊ុនណ្ណា នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំយក អំណោយមួយចំនួនធំ ប្រគល់ជូន លោក ឌុំ សាំង អាយុ៦០ឆ្នាំ ជាអតីតសេនាជនឃុំគោកបន្ទាយ ពិការភ្នែកម្ខាង ពិការដៃម្ខាង និងស្វីតជើងម្ខាង រស់នៅក្នុងភូមិទ្រនាមពេជ្រ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានរងរបួសធ្ងន់ដោយសារធ្លាក់ពីលើចុងត្នោត។

អំណោយដែលបានប្រគល់ជូនលោក ឌុំ សាំង រួមមាន៖ អង្ករ១០០គីឡូ ទឹកក្រូច២កេះ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ មី២កេះ និងបច្ច័យ៥០ម៉ឺនរៀល។

សូមបញ្ជាក់ថា លោក ឌុំ សាំង មានអាយុ៦០ឆ្នាំ ជាអតីតសេនាជនឃុំគោកបន្ទាយ ក្នុងពេលលោកធ្វើជាសេនាជនក្នុងអំឡុងឆ្នាំ១៩៨៥ លោកត្រូវបានចាត់តាំងឲ្យឡើង ទៅការពារផ្លូវដែកនៅស្រុកទឹកផុស ក្នុងពេលនោះបានប្រយុទ្ធជាមួយទាហាន ប៉ុលពត នៅចំណុចអូរល្ពៅ ក្នុងឃុំក្រាំងស្គារ និងបានរងរបួសចំនួន៣ដង ដោយដាច់ដៃ ខាងឆ្វេង ខ្វាក់ភ្នែកខាងស្ដាំ និងរបួសជើងខាងឆ្វេងធ្ងន់ធ្ងរ។

ក្រោយពេលបញ្ចប់សង្គ្រាម និងរបួសបានជាមកដោយសារជីវភាព ក្រីក្រខ្វះខាត លោកក៏បានប្រកបមុខរបរឡើងត្នោតធ្វើស្ករលក់ ក្រោយមកដោយសារពិបាក ក្នុងការរក អុសមកធ្វើស្ករ គាត់បានដូរមកធ្វើទឹកត្នោតជូរលក់រយៈពេល១០ឆ្នាំមកហើយ ដោយមកដល់ពេលនេះ គឺលោកបានឡើងយកត្នោតជូរ ចំនួន៩ដើម និងទើបតែចេញទឹក បានប្រាំដើមតែប៉ុណ្ណោះ។ ក្នុងមួយថ្ងៃៗបានទឹកត្នោត១០បំពង់ សម្រាប់លក់ដែលអាចរកចំណូលបានពី ១ម៉ឺនទៅ១ម៉ឺនប្រាំពាន់រៀលសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ប៉ុន្តែជាអកុសលអាក្រក់នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ពេលគាត់ទៅឡើងត្នោតមួយដើម ដែលមានកំពស់ប្រមាណ១១ម៉ែត្រ បានវិលមុខធ្លាក់ពីលើចុងត្នោតរងរបួសធ្ងន់ មកដល់ពេលនេះគាត់ក្រោកមិនរួចទេ គឺមានអាការឈឺក្នុងដើមទ្រូង ដកដង្ហើមមិនចង់រួច ឈឺខ្នង និងចង្កេះ ដោយសារគាត់ធ្លាក់ពីលើចុងត្នោតមក ប៉ះនឹងដើមជ្រៃ នៅពាក់កណ្ដាលដើម ហើយក៏ធ្លាក់បន្តមកដល់ដី។

លោក ឌុំ សាំង និងភរិយា មានកូនចំនួន៥នាក់ ប្រុស១នាក់ ហើយសព្វថ្ងៃកូនបែកចេញអស់ហើយទៅធ្វើកម្មករឆ្ងាយៗយូរៗ ទើបគេមកលេងកូនគេម្ដងសព្វថ្ងៃ ពួកគាត់កំពុងទទួលបន្ទុកថែទាំចៅតូចៗចំនួន២នាក់។ ដោយសារគាត់មិនមានលុយជំងឺគាត់ បានព្យាបាលដោយផឹកថ្នាំខ្មែរនៅផ្ទះ ហើយមកដល់ពេលនេះ គាត់មិនអាចងើបពីកន្ទេលរួចនោះទេ។

សប្បុរសជន ដែលមានបំណងចង់ជួយដល់លោក ឌុំ សាំង អាចទាក់ទងលេខទូរសព្ទ 081 539 052 ៕