(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក

បានដាស់តឿនសិស្សានុសិស្ស ត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងប្រជាពលរដ្ឋល្អក្នុងសង្គមជាតិ។

លោកបានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យប្រាសាទបល្ល័ង្ក ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។

ក្នុងឱកាសនោះ លោក ជា អឿង បាននាំការផ្តាំផ្ញើពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ ជាពិសេសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរលើវិស័យអប់រំ លើការបណ្តុះបណ្តាលធនធានមនុស្ស។

លោក ជា អឿង បានលើកបង្ហាញពីការសិក្សាពីជំនាន់មួយទៅជំនាន់មួយកាន់តែរីកចម្រើន ធ្វើឲ្យធនធានមនុស្សកាន់តែមានចំណេះដឹងទូលំទូលាយ ហើយបច្ចុប្បន្ននេះមានផ្លូវ ថ្នល់ ស្ពាន វត្តអារាម សាលារៀនគ្រប់ទិសទី ដែលកូនចៅអាចទទួលយកចំណេះដឹងបានងាយស្រួល។

លោកតំណាងរាស្ត្ររូបនេះ ក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូដែលបានខិតខំលះបង់ទាំងកម្លាំងកាយប្រាជ្ញាស្មារតីបង្ហាត់បង្ហាញសិស្សានុសិស្ស។ លោកតំណាងរាស្ត្រ ថែមទាំងបានផ្ដាំផ្ញើ សិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីទទួលបានលទ្ធផលប្រឡងជោគជ័យ
ក្នុងការឈានជើងទៅចាប់យកសាកលវិទ្យាល័យល្អៗ ហើយមានការងារប្រាក់ខែខ្ពស់នៅថ្ងៃអនាគត។

លោក ជា អឿង បាននាំយកនូវសម្ភារសម្រាប់ចែកជូនលោកគ្រូ អ្នកគ្រូចំនួន ៣៣នាក់ ក្នុង១នាក់ ទទួលបានសារុង១ ថវិកា ៥០.០០០រៀល និងសិស្សប្រឡងជាប់សញ្ញាបត្រ ១៦២នាក់ ក្នុង១នាក់ ទទួលបានថវិកា ២០.០០០រៀល និងសៀវភៅ ប៊ិចផងដែរ៕