(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកមន្ត្រីក្រោមឱវាទ ចុះពិនិត្យមើលពីស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានព្រំប្រទលជាប់គ្នាជាមួយខេត្តចាន់បុរី ប្រទេសថៃ ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ ជាពិសេសរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ លោកស្រី បាន ស្រីមុំ បានលើកឡើងថា ដោយអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល ឲ្យបណ្តាខេត្តដែលជាប់ព្រំដែន នៃប្រទេសជិតខាង មានការយកចិត្តទុក្ខដាក់ឲ្យបានខ្ពស់ នៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលមានហានិភ័យខ្ពស់ ហើយមានពលករខ្មែរធ្វើចំណាក់ស្រុក នៅទីនោះផងដែរ។

លោកស្រីអភិបាលខេត្ដ បានគូសបញ្ជាក់ថា ដើម្បីការពារសុវត្ថិភាព នៃការរីករាលដាលចូលក្នុងសហគមន៍ មន្ត្រីប្រចាំការនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រូវក្តាបឲ្យជាប់ និងតាមដានរាល់សភាពការ នៃការឆ្លងដែនរបស់ពលករ និងត្រូវរងចាំមើលជាប់ជានិច្ច ក្រែងសមត្ថកិច្ចថៃ បញ្ជូនពលករខ្មែរត្រឡប់ចូលមកស្រុកកំណើតវិញ ហើយប្រសិនបើមានមែន មន្ត្រីសុខាភិបាលត្រូវត្រួតពិនិត្យធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន។

នៅក្នុងឱកាសនោះ លោកស្រី បាន ស្រីមុំ បានក្រើនរំលឹកឲ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។

បើតាមការបញ្ជាក់របស់លោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនបានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល មន្ទីរបានរៀបចំប៉ុស្តិ៍ និងមន្ត្រីប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដោយមានបំពាក់ដោយកាំមេរ៉ា ស្កែនកំដៅផងដែរ ក្នុងនោះរដ្ឋបាលខេត្ត បានត្រៀមបន្ទប់ សណ្ឋាគារ ចំនួន ៥០បន្ទប់ សម្រាប់ធ្វើចត្តាឡីស័ក ពលករដែលឆ្លងដែនត្រលប់មកពីប្រទេសថៃវិញ៕