(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបន្តអំពាវនាវ និងក្រើនរំឮកដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅតាមគ្រប់ថ្នាក់មូលដ្ឋានទាំងអស់ ក្នុងខេត្តស្វាយរៀង អនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមវិធានការសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីការពារ ទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវបែបនេះ ក្នុងពិធីសំណេះសំណាលដោយនាំអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ និងកុមារកំព្រាដោយសារមេរោគអេដស៍ចំនួន ៤០គ្រួសារ ខណៈសាខាកាកបាទលក្រហមគ្រោងនឹងចែកអំណោយចំនួន ២៥៧គ្រួសារបន្ថែមទៀត។ ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រំឮកដល់ប្រជាពលរដ្ឋមិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជា មានអ្នកឆ្លងនៅមានកម្រិតក៏ដោយក៏ត្រូវតែ បន្តក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល សារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បាននូវការពាំនាំនូវប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករឮក និងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឱ្យយកចិត្តទុកដាក់គិតគូរថែទាំសុខភាព ទាំងផ្លូវកាយ ផ្លូវចិត្តឱ្យបានរឹងមាំ ហើយទម្លាប់រស់នៅធម្មតាតាមបែបគន្លងថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងចូលរួមទាំងអស់គ្នា ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងទិសដៅបញ្ចប់បញ្ហាអេដស៍ ដែលជាការគំរាមកំហែង ដល់សុខភាពសាធារណៈនៅឆ្នាំ២០២៥។

លោកស្រីកិត្តិសង្គហបណ្ឌិត បានពាំនាំនូវសារអំពាវនាវ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងផ្តាំផ្ញើសូមប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមកម្មវិធីនៅថ្ងៃនេះ បន្តផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ដល់សមាជិកគ្រួសារ និងប្រជាពលរដ្ឋដទៃទៀត នៅក្នុងសហគមន៍។

សម្ភារដែលបានឧបត្ថម្ភ ដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមាកំព្រាដោយសារអេដស៍ចំនួន៣៣នាក់ ក្នុងម្នាក់ទទួលបានអង្ករ ៣០គីឡូក្រាម, មី១ កេស, ត្រីខកំប៉ុង១០ កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ទឹកដោះគោខាប់ ៥កំប៉ុង, សាប៊ូក្រអូប ៤ដុំ, មុង ១ភួយ, ១សារ៉ុង១, ក្រម៉ា ១, អាវយឺត២ និងថវិកាសម្រាប់ថ្លៃធ្វើដំណើររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៥០,០០០រៀល៕