(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ដោយសារប្រទេសកម្ពុជាកំពុងតែស្ថិតក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងប្រុងប្រយ័ត្នចំពោះការរីករាលដាលជំងឺកូវីដ-១៩ ដូច្នេះហើយប្រជាគ្រិស្តបរិស័ទនៅកម្ពុជាមិនបានប្រារព្ធពិធីនេះឲ្យបានអធិកអធមនោះទេ ប៉ុន្តែគឺធ្វើជាលក្ខណៈគ្រួសារនៅតាមគេហដ្ឋានរៀងៗខ្លួន ដោយមានការប្រុងប្រយ័ត្នខ្ពស់។

ការក្រើនរំឭកយ៉ាងដូច្នេះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានបញ្ជាក់នៅក្នុងទំព័រ Facebook ផ្លូវការរបស់សម្ដេច នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។

សម្ដេចតេជោបានក្រើនរំឭកដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាសុវត្ថិភាពសុខភាពក្នុងថ្ងៃបុណ្យគ្រីស្ទម៉ាស (Christmas) ដែលជាបុណ្យដ៏សំខាន់របស់ប្រជាគ្រិស្ដបរិស័ទ (Christian) ធ្វើឡើងចំថ្ងៃទី២៥ ខែធ្នូ។

សម្ដេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារប្រទេសយើងកំពុងតែស្ថិតក្នុងការប្រុងប្រយ័ត្នប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដូច្នេះហើយបងប្អូនគ្រិស្ដបរិស័ទយើងមិនបានប្រារព្ធពិធីនេះឲ្យបានអធិកអធ័មនោះទេ ប៉ុន្តែគឺធ្វើជាលក្ខណៈគ្រួសារនៅតាមគេហដ្ឋានរៀងៗខ្លួន ដោយមានការប្រុងប្រយ័ត្នខ្ពស់»

សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់ប្រជាគ្រិស្ដបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សូមឱ្យមានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ-១៩ទាំងអស់គ្នា។

ទន្ទឹមនឹងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយត្រូវពាក់ម៉ាស និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ទឹកអាល់កុល រក្សាគម្លាតសុវត្ថិភាព ហើយចំពោះប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕