(ភ្នំពេញ)៖ លោកបណ្ឌិត ហេង សុខគង់ ប្រធានសម្ពន្ធ័គ្រូពេទ្យសហភាពសហពន្ធ័យុវជនកម្ពុជា និងសហការី បាននាំយកបរិក្ខារពេទ្យ ដែលជាអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី យឹម ឆៃលីន ប្រគល់ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ដើម្បីចូលរួមចំណែកជាមួយក្រុមគ្រូពេទ្យក្នុងការការពារ និងព្យាបាលជំងឺកូវីដ១៩។

ពិធីប្រគល់ទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដែលមានសម្ភាររួមមាន៖ អាវ PPE ចំនួន០៣កេស អាល់កុល ចំនួន២០កាដុង ម៉ាសចំនួន១ម៉ឺន ជែលចំនួន១០កេស និងសាប៊ូលាងដៃចំនួន២០កាដុង។

ក្នុងឱកាសនោះ លោកបណ្ឌិត ហេង សុខគង់ បានពាំនាំបណ្តាំសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់ ហ៊ុន ម៉ានី និងលោកស្រី ជូនដល់ក្រុមទាហានអាវស ដែលបានធ្វើពលិកម្មមិនខ្លាចការនឿយហត់ សុខចិត្តឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីមកប្រឈមមុខនឹងជំងឺដ៏កាចសាហាវ កូវីដ១៩។

លើសពីនោះ លោកក៏បានធ្វើការកោតសរសើរដោយស្មោះពីសមត្ថភាពនៃក្រុមគ្រូពេទ្យជួរមុខយើង ដែលបានព្យាបាលអ្នកជំងឺកូវីដ១៩ ដោយមិនមានការរើសអើងជាតិសាសន៍ ឬពណ៌សម្បុរឲ្យបានជាសះស្បើយជាបន្តបន្ទាប់ ដោយមិនមានការស្លាប់បាត់បង់ជីវិតអ្នកជំងឺណាម្នាក់ ជាពិសេសក្រុមគ្រូពេទ្យ បានប្តេជ្ញាចិត្តអនុវត្តដោយជោគជ័យ នូវអនុសាសន៍ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជាបន្តបន្ទាប់ផងដែរ។

ជាការឆ្លើយតប លោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានផ្តាំផ្ញើរការថ្លែងអំណរគុណលោក ហ៊ុន ម៉ានី និងលោកស្រី ដែលជានិច្ចកាល បានឧបត្ថម្ភគាំទ្រ និងគិតគូរពីសុខទុក្ខរបស់ក្រុមគ្រូពេទ្យយើង ហើយលោកវេជ្ជបណ្ឌិតសន្យានឹងយកអំណោយនេះប្រើប្រាស់ឲ្យបានចំទិសដៅ និងខិតខំបន្តទៀតក្នុងបុព្វហេតុសុខភាពរបស់ប្រជាពលរដ្ឋយើង ក៏ដូចជាការពិនិត្យ និងព្យាបាល ជំងឺកូវីដ១៩ឲ្យអស់ពីសមត្ថភាព៕