(មណ្ឌលគិរី)៖ ដើម្បីជួយដោះស្រាយនូវការខ្វះខាតរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាត ខណៈដែលប្រទេសកម្ពុជា កំពុងរាតត្បាលនៃជំងឺកូវីដ-១៩ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការ កុមារកំព្រាចំនួន១៥០គ្រួសារ ស្មើនឹង៥ឃុំ ស្ថិតនៅស្រុកកោះញែក។

ថ្លែងក្នុងឱកាសនោះ លោក ស្វាយ សំអ៊ាង បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ និងគិតគូរចំពោះប្រជាពលរដ្ឋទូទៅ ពិសេស ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ និងគ្រួសារដែលមានទុក្ខលំបាក់ផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

លោកអភិបាលខេត្ត បន្ថែមថា ការនាំយកអំណោយ ផ្តល់ជូនពលរដ្ឋរងគ្រោះនាពេលនេះ គឺជាការចូលរួមចំណែកដោះស្រាយនូវការខ្វះខាតរបស់ពលរដ្ឋ បានមួយកម្រិត ជាពិសេសដើម្បីឲ្យពួកគាត់មានលទ្ធភាព ក្នុងការបង្កបង្កើនផល និងប្រកបមុខរបរផ្សេងៗ បន្ថែមទៀត។

ជាមួយគ្នានេះ លោកបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ រួមទាំងដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យការរស់នៅ មានជីវភាពកាន់តែល្អប្រសើរឡើង។ ជាងនេះទៅទៀត លោកបានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាការពារសុខសន្តិភាព ព្រោះសុខសន្តិភាពនេះ គឺជាកត្តាសំខាន់ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន ហើយក៏សូមឲ្យពលរដ្ឋទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យជានិច្ច តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដោយពាក់ម៉ាស និងលាងដៃឲ្យបានញឹកញាប់ រក្សាគម្លាត និងមិនត្រូវប្រមូលផ្តុំគ្នាច្រើន ដើម្បីរួមគ្នាការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា។

តាមការបញ្ជាក់ពីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្តមណ្ឌលគិរី លោក ខឹម សុផុន បានឲ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះ ចំនួន១៥០គ្រួសារ ស្មើនឹង៥ឃុំ ក្នុងស្រុកកោះញែកនាពេលនេះ ដោយក្នុងមួយគ្រួសារ ទទួលបានអំណោយរួមមាន៖ អង្ករ១៥គីឡូក្រាម កន្ទេល១ ភួយ១ ត្រីខ ១យួរ ទឹកត្រី ៤ដប។

ដោយឡែក លោកស្រី យាន ឌីណា ភរិយាអភិបាលខេត្ត និងជាប្រធានសាខាសមាគមកាយឬទ្ធិនារីកម្ពុជាខេត្ត បានឧបត្ថម្ភក្នុងមួយគ្រួសារ ២ម៉ឺនរៀល និងសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត បានឧបត្ថម្ភអាវរងាចំនួន ១៥០អាវផងដែរ៕