(តាកែវ)៖ នៅរសៀលថ្ងៃ ទី២៤ ខែធ្នូ ឆ្នាំ២០២០ ស្នងការនគរបាលខេត្តតាកែវលោកឧត្តមសេនីយ៍ទោ សុខ សំណាង បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពនៅក្នុងមូលដ្ឋានខេត្តទាំងមូលបន្តការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងណែនាំការអនុវត្តការងារជំនាញដល់កងកម្លាំងនគរបាលខេត្តតាកែវ ទាំងអស់នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ ។

លោកឧត្តមសេនីយ៍ទោ សុខ សំណាង ក៏បានណែនាំពីបទបញ្ជារបស់ថ្នាក់ដឹកនាំដល់កងកម្លាំងនគរបាលស្តីពីការពង្រឹងការគ្រប់គ្រង ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នៅកម្ពុជា។

ចំពោះការបញ្ហាកូវីដ១៩ លោកឧត្តមសេនីយ៍ស្នងការ បានណែនាំឲ្យយកចិត្តទុកដាក់លើការងារមួយចំនួនរួមមាន៖

*ត្រូវណែនាំដល់សមត្ថកិច្ចប្រចាំច្រកទ្វារព្រំដែន ឱ្យពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យ មធ្យោបាយដឹកជញ្ជូន និងអ្នកដំណើរ ដែលដឹកជញ្ជូនទំនិញចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ស្របតាមវិធានចត្តាឡីស័ក ដែលកំណត់ដោយក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់បំផុត។

*ត្រូវចាត់វិធានការឱ្យបានតឹងរឹង និងម៉ឺងម៉ាត់ ដើម្បីបង្ការ ទប់ស្កាត់កុំឱ្យមានការលួចឆ្លងដែនដោយខុសច្បាប់ ចេញចូលឆ្លងកាត់ព្រំដែន តាមច្រករបៀងនានា ក្នុងភូមិសាស្ត្ររបស់ខ្លួន។

*បន្តជំរុញការអប់រំ ណែនាំ និងផ្សព្វផ្សាយដល់សាធារណជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសប្រជាពលរដ្ឋរស់នៅ តាមតំបន់ព្រំដែន ឱ្យបង្កើនការប្រុងប្រយ័ត្នការពារខ្លួន ស្របតាមការណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីកុំឱ្យមានវីរុសកូវីដ១៩ឆ្លងមកលើបុគ្គល និងសហគមន៍មូលដ្ឋាននៅកម្ពុជា៕