(ភ្នំពេញ)៖ ក្រុម​កីឡា​​សី​ប៉ាក់តាក្រ​ និង Chinlone ជម្រើស​ជាតិ​កម្ពុជា បានប្រកួតឈ្នះមេដាយ​មាស និងមេដាយសំរឹទ្ធ ក្នុងព្រឹត្តិ​​ការណ៍ Asian Chinlone Champianship លើកទី២ ដែលរៀបចំនៅទីក្រុង​ Mandalay ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០១៦នេះ ។

កីឡាការិនី ងួន ច័ន្ទបូរី បានឲ្យដឹងពីប្រទេសមីយ៉ាន់ម៉ាថា នៅថ្ងៃទី១៦ ខែកុម្ភៈនេះ ក្រុមកីឡាករ-កីឡាការិនីកម្ពុជា បានបញ្ចប់ការប្រកួតលើវិញ្ញាសាកីឡា Chinlone ហើយ ដោយក្នុងនោះលទ្ធផល គឺក្រុមកីឡាករកម្ពុជា ដណ្ដើមបានមេដាយមាស ក្រោយប្រកួតឈ្នះ​ក្រុមកីឡាករកូរ៉េខាងត្បូង និងក្រុមកីឡាករជម្រើសជាតិឥណ្ឌា ។ រីឯក្រុម​កីឡាការិនី Chinlone កម្ពុជា គឺដណ្ដើមបានមេដាយសំរឹទ្ធ ។

កីឡាការិនីជម្រើសជាតិរូបនេះដដែល បានបន្ដថា ទោះជាយ៉ាងការប្រកួតមិនទាន់បញ្ចប់ទាំងស្រុងនោះទេ ពោលគឺនៅថ្ងៃទី១៩ ខែកុម្ភៈខាងមុខ ក្រុមកីឡាការិនីកម្ពុជា នឹងធ្វើការប្រកួតលើវិញ្ញាសាប្រភេទកីឡាសីប៉ាក់តាក្រវិញម្ដង ។ រីឯក្រុមកីឡាករកម្ពុជាវិញ បន្ទាប់ពីឈ្នះមេដាយមាស លើវិញ្ញាសាកីឡា Chinlone ហើយនោះ ពួកគេត្រូវធ្វើការប្រកួតលើវិញ្ញាសាកីឡាសីប៉ាក់តាក្រវិញម្ដង ពោលគឺពួកគេនឹង​ធ្វើការប្រកួតនៅថ្ងៃទី១៧ ខែកុម្ភៈស្អែកនេះ ។

គួរបញ្ជាក់ថា នេះគឺជាមោទនៈភាពមួយ សម្រាប់ក្រុមកីឡា​​សី​ប៉ាក់តាក្រ​ និង Chinlone ជម្រើស​ជាតិ​កម្ពុជា ដែលដណ្ដើមបានជ័យលាភីមេដាយមាស ក្នុងការប្រកួតកម្រិតអន្ដរជាតិខាងលើ ដើម្បីបង្ហាញឲ្យ​ពិភព​លោកបានស្គាល់ពីភាពរីកចម្រើននៃវិស័យកីឡាកម្ពុជា​ ៕