(ក្រចេះ)៖ សត្វផ្សោតញីចំណាស់មួយក្បាល ទម្ងន់២០១គីឡូក្រាម នៅអន្លង់ផ្សោតកាំពី ស្ថិតក្នុងខេត្តក្រចេះ បានស្លាប់ហើយត្រូវប្រជាពលរដ្ឋប្រទះឃើញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ។

លោក ម៉ុក ពន្លក នាយកខណ្ឌរដ្ឋបាលជលផលក្រចេះ បានឲ្យដឹងថា លោកបានទទួលព័ត៌មាន ពីក្រុមការងារឆ្មាំទន្លេនៅបុស្តិ៍កាំពី ជ្រោយបន្ទាយ ដែលបានផ្តល់ពីលោក សៅ ស៉ីនឿន សមាជិកសហគមន៍នេសាទសំបុក ដោយប្រទះឃើញសត្វផ្សោតមួយក្បាលស្លាប់ នៅចំណុចព្រែកខ្សោរ ភូមិសំបុក ឃុំសបុក ស្រុកចិត្របុរី។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកបានចាត់តាំងលោក តាន់ សុមេធប៊ុនវឌ្ឍន៍ នាយរងខណ្ឌរដ្ឋបាលជលផល សហការជាមួយអង្គការ WWF ខេត្តក្រចេះ ដើម្បីចុះត្រួតពិនិត្យនៅចំណុចខាងលើ។ តាមការពិនិត្យស្ថានភាពជាក់ស្ដែង សត្វផ្សោតដ៏ធំមួយក្បាលនេះបានស្លាប់ ប្រហែល០១ថ្ងៃមុន ព្រោះថាស្ថានភាពសត្វផ្សោតនៅស្រស់ល្អ។

លោក ម៉ុក ពន្លក បានបញ្ជាក់ថា ផ្សោតនេះរស់នៅអន្លង់កាំពី លេខID-95 ដែលមានទម្ងន់ប្រហែល២០១គីឡូក្រាម និងមានប្រវែង២៣០សង់ទីម៉ែត្រ។ មូលហេតុស្លាប់ តាមការពិនិត្យជាក់ស្តែង សត្វផ្សោតនេះចាស់ ព្រោះធ្មេញសឹករិចអស់ទាំងលើ និងខាងក្រោម ហើយនៅលើដងខ្លួន និងកន្ទុយផ្សោតនេះ ពុំមានស្នាមជាំ ឬដាច់រលាត់កន្ទុយនោះឡើយ។ ក្រោយពិនិត្យ និងវាស់វែងរួច ក្រុមការងារបានសម្រេចធ្វើការវះកាត់ ដើម្បីយកសំណាករក្សាទុកនៅ WWF។

គួរជម្រាបថា សត្វផ្សោតគឺជាប្រភេទសត្វកម្រមួយនៅលើពិភពលោក ដែលមានអង្គការជាច្រើនបាននិងកំពុងចូលរួមអភិរក្ស ក្នុងនោះអង្គការ WWF បានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងជិតស្និទ្ធ ក្នុងការចូលរួមអភិរក្សសត្វផ្សោតនេះ ប៉ុន្តែដោយសារកត្តាមួយចំនួនបានប៉ះពាល់ដល់ការរស់នៅរបស់វា និងចេះតែធ្វើឲ្យពួកវាស្លាប់ជាបន្តបន្ទាប់៕