(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដឹកនាំដោយលោក ឡុង ឌីម៉ង់ តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទទួលបានជំនួយសប្បុរសធម៌ ជាទឹកប្រាក់ចំនួន ៩៣,៣៦០,០០០វ៉ុន ស្មើប្រមាណ៨៤,០០០ដុល្លារ ដែលជាចំណែករបស់ក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រង Korea Deposit Insurance Corperation ក្នុងចំណោមជំនួយ ១២៣,៣៦០,០០០វ៉ុន ប្រមាណ១១២,០០០ដុល្លារ។

ក្នុងនោះ ក្រុមហ៊ុន Woori Finance group នឹងផ្តល់ជំនួយ ២៥,០០០,០០០វ៉ុន (ស្មើនឹង ២២,៧២៧ដុល្លារ) និងក្រុមហ៊ុន Busan International Finance ចំនួន៥,០០០,០០០វ៉ុន (ស្មើនឹង៤,៥៤៥ដុល្លារ) តាមរយ:កាកបាទក្រហមកូរ៉េ នៅក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមការឲ្យដឹងពី លោក ឡុង ឌីម៉ង់ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។

លោកបានបញ្ជាក់ទៀតថា កាកបាទក្រហមកូរ៉េ នឹងបែងចែកជំនួយដល់កម្ពុជា ដូចខាងក្រោម៖

*ទី១៖ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងគម្រោង WASH Facilities និងជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់
*ទី២៖ ថវិកាជួយដល់សហគមន៍ខ្មែររៀបការស្វាមី-ភរិយាកូរ៉េ ប្រមាណ៧០គ្រួសារ។

កាកបាទក្រហមកូរ៉េ ក៏បានសម្ដែងនូវការកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមក ជាមួយកាកបាទក្រហមកម្ពុជា ជាពិសេសភាពរីកចម្រើន របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ជាមួយគ្នានេះភាគីកូរ៉េ ក៏បានស្នើឲ្យកម្ពុជា បន្តកិច្ចសហការ និងពង្រឹងកិច្ចសហការឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ-១៩ មានភាពល្អប្រសើរឡើងវិញ។

សូមជម្រាបជូនថា ក្រុមការងារកម្រិតជំនាញរបស់កាកបាទក្រហមកម្ពុជា និងកាកបាទក្រហមកូរ៉េ នឹងជួបពិភាក្សាការងារគ្នា តាមពេលវេលាសមស្រប ដើម្បីផ្លាស់ប្តូរយោបល់ និងធ្វើបច្ចុប្បន្នភាព នៃកិច្ចសហប្រតិបត្តិការរវាងគ្នា ទាំងវិស័យមនុស្សធម៌ និងវិស័យជាអាទិភាពផ្សេងទៀត ដែលកូរ៉េ មានសក្តានុពលក្នុងការផ្តល់ជូនកម្ពុជា ក្នុងនោះមានវិស័យសុខាភិបាលជាដើម៕