(ភ្នំពេញ)៖ លោក ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងថា សវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជុំវិញបណ្តឹងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលបានធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានប្រព្រឹត្តទៅស្របតាមច្បាប់។

ការបញ្ជាក់របស់ លោក ព្រហ្ម វិចិត្រអក្ខរា បានធ្វើឡើងបន្ទាប់ពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានថ្លែងសារតាមបណ្តាញសង្គមនានាថា សវនការរបស់ក្រុមប្រឹក្សាធម្មនុញ្ញាមិនយុត្តិធម៌ និងគ្មានតម្លាភាព។ គណបក្សដែលជាដើមបណ្តឹងមួយនេះ ថែមទាំងបានលើកឡើងទាំងបំភ្លៃ ជុំវិញសវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញាថា មិនអនុញ្ញាតឲ្យមានការថតសំឡេង និងវីដេអូ ហើយមិនអនុញ្ញាឲ្យមនុស្សច្រើនចូលស្តាប់សវនាការជាសាធារណៈនោះ។

ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាគោលការណ៍សកល នៅគ្រប់អង្គសវនាការទាំងអស់ គេមិនដែលឲ្យថតរូប ឬថតសំឡេងទេ ព្រោះវាប៉ះពាល់ដល់សិទ្ធិគេ និងប៉ះពាល់ដល់សុខសុវត្ថិភាព អ្នកដែលនៅក្នុងបន្ទប់សវនការ ហើយកម្ពុជាយើងក៏រស់នៅក្នុងសង្គមសហប្រជាជាតិមួយ អញ្ចឹងយើងក៏ត្រូវអនុវត្តតាមគោលការណ៍សកល យើងក៏ត្រូវយកមកតាក់តែងក្នុងច្បាប់ដូចគ្នាអញ្ចឹងដែរ។ នៅក្នុងសវនាការក្រុមប្រឹក្សាធម្មនុញ្ញ យើងបានយកវិធាននេះមកកំណត់ដូចគ្នា គឺមិនអនុញ្ញាឲ្យមានការថតសំឡេង និងថតវីដេអូដែរ»។

ចំពោះការបំភ្លៃរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជុំវិញករណីដែលក្រុមប្រឹក្សាធម្មនុញ្ញ មិនឲ្យមានមនុស្សច្រើនចូលស្តាប់សវនាការនោះ ត្រូវបានលោក ព្រហ្ម វិចិត្រអក្ខរា ឆ្លើយតបថា ជាការគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាក់ការរីករាលដាលនៃជំងឺកូវីដ១៩។ លោកអះអាងថា ការអនុវត្តគម្លាតសុវត្ថិភាពនេះ ប្រទេសណាក៏គេអនុវត្តដែរ ព្រោះនោះជាគោលការណ៍ណែនាំជាសកលរបស់អង្គការសុខភាពពិភពលោក។

លោក ព្រហ្ម វិចិត្រអក្ខរា បានលើកឡើងទៀតថា ក្រុមប្រឹក្សាធម្មនុញ្ញធ្វើការដោយគោរពតាមច្បាប់ និងបទដ្ឋានគតិយុត្តនានា ដែលមានជាធរមានផងដែរ។ លោកថ្លែងថា ចំពោះការចោទប្រកាន់របស់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ អំពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចដែលគ្មានយុត្តិធម៌ និងតម្លាភាព គឺជាអំពើល្មើសនឹងច្បាប់។

សូមបញ្ជាក់ថា ក្នុងការជំនុំជម្រះជាសាធារណៈ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូលមួយ បានសម្រេចតម្កល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជុំវិញបណ្តឹងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ជាមួយការសម្រេចនេះ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានបិទផ្លូវតវ៉ាតទៅទៀតផងដែរ។

សវនាការជំនុំជម្រះលើបណ្តឹងនេះ បានធ្វើឡើងនៅអគារ «ស» វិមានរដ្ឋចំការមន ដឹកនាំដោយ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ។ លោក អ៉ឹម ឈុនលឹម បានពិនិត្យ និង សម្រេចលើសំណុំរឿងចំនួន ២៨ គឺសំណុំរឿង លេខ៣៦៣/០០៥/២០២០ ដល់លេខ៣៩០/០៣២/២០២០ របស់សមាជិក និងភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង។

តាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានឱ្យដឹងថា អង្គសវនាការនេះ មានការចូលរួមពីសំណាក់អ្នកប្តឹងចំនួន១២រូប តំណាងឱ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងមានការចូលរួមពីតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន៤រូប ព្រមទាំងសាធារណជនផងដែរ។

សំណុំរឿងចំនួន ២៨នេះ ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចដូចខាងក្រោម៖

* ទទួលពាក្យបណ្តឹងទាំង ២៨សំណុំរឿងនេះទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។
* តម្កល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទុកជាបានការពេញទាំងមូល។
* សេចក្តីសម្រេចនេះ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្ត ទៅលើអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច៕