(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ប៊ន សំអាត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកស្រី ស្រឿង វ៉ាន្នី នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំយកសម្ភារប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ប្រគល់ជូនរដ្ឋបាលសាលាខណ្ឌមានជ័យ, អធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។

ពិធីប្រគល់ និងទទួលនេះ ត្រូវបានធ្វើឡើងនៅរដ្ឋបាលសាលាខណ្ឌមានជ័យ ដោយមានការចូលរួមពី លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ, លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ព្រមទាំងតំណាងលោកអធិការខណ្ឌដូនពេញផងដែរ។ ក្នុងនោះមួយអង្គភាពទទួលបាន ជែលសម្រាប់លាងដៃ ១,០៥០ដប និងថវិកា៥០ម៉ឺនរៀល។

ក្នុងឱកាសនោះ លោក ពេជ្រ កែវមុនី បានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ទោ ប៊ន សំអាត និងលោកស្រី ស្រឿង វ៉ាន្នី ដែលបាននាំយកសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មកប្រគល់ជូន ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យរីករាលដាលនៅក្នុងប្រទេសកម្ពុជា។

លោក ពេជ្រ កែវមុនី បានគូសបញ្ជាក់ថា លោកនឹងយកសម្ភារទាំងអស់នេះ ប្រគល់ជូនមន្ដ្រីនៅតាមផ្នែកនីមួយៗរបស់រដ្ឋបាលសាលាខណ្ឌមានជ័យ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ប៊ន សំអាត បានលើកឡើងថា អំណោយទាំងអស់នេះ គឺជាទឹកចិត្តរបស់លោក និងក្រុមគ្រួសារ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល គ្រាដែលពិភពលោក និងប្រទេសកម្ពុជា កំពុងប្រឈមជាមួយជំងឺកូវីដ-១៩។ លោកបញ្ជាក់ថា កន្លងមកលោក និងភរិយា បានធ្វើការចែកចាយអាល់កុល និងជែលនេះជូនអង្គភាពនានាជាច្រើនរួចមកហើយផងដែរ។

បើតាមលោកឧត្តមសេនីយ៍ទោ ប៊ន សំអាត នៅពេលនេះលោកកំពុងត្រៀមជែល ចំនួន៧ម៉ឺនដបទៀត បន្តចែកទៅអធិការដ្ឋានតាមបណ្តាខណ្ឌ និងស្នងការខេត្ត ដែលអំណោយនេះឧបត្ថម្តដោយក្រុមហ៊ុន មួយទ្បេងប៊ីយូធី៕