(តាកែវ)៖ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ នាព្រឹកថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះ បានចុះធ្វើការជួសជុលតួទំនប់អាងទឹកខ្ពបត្របែក ស្ថិតក្នុងឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។

លោក ប៊ុន ហួ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ  បានប្រាប់ឱ្យដឹងថា សម្រាប់អាងទឹកមួយនេះ មន្ទីរតែងតែធ្វើការជួសជុល ថែទាំ ជាប់ជាប្រចាំ មិនថារដូវប្រាំង ឬរដូវវស្សាទេ ។ មូលហេតុគឺដោយសារ ដីនៅតំបន់នេះ ជាប្រភេទដីល្បាយខ្សាច់ ដែលពុំសូវមានភាពធន់នឹងការសឹករិចរិលនោះឡើយ ។ ដូចនេះបើយើងមិនមានការថែទាំឱ្យបានល្អទេ វាអាចនឹងបណ្តាលឱ្យ​មានការធ្លុះធ្លាយ​តួទំនប់ជាមិនខាន ។

លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា អាងទឹកខ្ពបត្របែក អាចស្តុកទឹកបានប្រមាណ ៥ លានម៉ែត្រគីប និងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៦.០០០ ហិកតា និងផ្ទៃដីស្រូវប្រាំង ចំនួន ១,៥០០ ហិកតា ៕