(កាតា)៖ អារ៉ាប៊ីសាអូឌីត និងប្រទេសរុស្ស៊ី ដែលជាអ្នកផលិតប្រេងឆៅ​ធំជាងគេបំផុត​នៅ​លើ​​ ពិភពលោកបានព្រមព្រៀងគ្នាដើម្បីបង្កក ការផលិតប្រេងដែល​កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង​ក្រោយពីមានការពិភាក្សា​គ្នានៅប្រទេស​កាតា នេះបើយោងតាមការចេញ​ផ្សាយរបស់ សារព័ត៌មាន Bloomberg ចេញផ្សាយនៅល្ងាចថ្ងៃ​ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦។

រដ្ឋមន្រ្តីក្រសួងប្រេងរបស់អារ៉ាប៊ីសាអូឌីត លោក Ali Al-Naimi និងរដ្ឋមន្រ្តីថាមពលរុស្ស៊ីលោក  Alexander Novak បានឲ្យដឹងព្រមគ្នាថា មូលហេតុដែលប្រទេសទាំង​ពីរព្រមព្រៀងបង្កក​ប្រេង​នេះ គឺដោយសារតែការផលិត​ប្រេងនៅ​ក្នុងខែមករា ឆ្នាំ២០១៦កន្លងទៅនេះ មាន​ចំនួនគ្រប់គ្រាន់​ក្នុង​ផ្គត់ផ្គង់​ក្នុងការនាំចេញ ពោលគឺជិតដល់កម្រិតមួយដែលអង្គការ​បណ្តាប្រទេស​នាំប្រេងចេញ (OPEC) បានកំណត់ ហើយវាអាច​នឹង​លើសថែមទៀតផង ដូច្នេះហើយដើម្បីរក្សាតុល្យភាព ប្រទេស​ទាំងពីរក្នុងនាមជាប្រទេសផលិតប្រេងឆៅធំជាងគេបំផុតនៅ​លើ​​ពិភពលោក ក៏បានបង្កកការផលិត​ប្រេងមួយរយៈ​សិន។

លោករដ្ឋមន្រ្តីក្រសួងប្រេង​របស់អារ៉ាប៊ីសា​អូឌីត ក៏បានបញ្ជាក់បន្ថែម​ទៀតថា ប្រទេសកាតា និង​វេណេហ្ស៊ុយ​អេឡា ក៏បានចូលរួមក្នុង​ការបង្កកការផលិត​ប្រេងនេះផងដែរ៕