(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកបណ្ឌិត ម៉ម ប៊ុនហេង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យអញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនូវអគារមជ្ឈមណ្ឌលផ្តល់ឈាម និងអគារមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានឲ្យដឹងថា នេះជាសមិទ្ធិផលថ្មីមួយទៀត ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ បម្រើសុខភាពជូនប្រជាពលរដ្ឋ ក្នុងចំណោមសមិទ្ធិផលទាំងឡាយ ជាច្រើនទៀត ដែលត្រូវបានដាក់សម្រេចឡើង ក្នុងខេត្តកំពង់ចាម។ ក្នុងនាមក្រសួងសុខាភិបាល និងប្រជាជនក្នុងខេត្តកំពង់ចាមទាំងមូល សូមថ្លែងអំណរចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានផ្តល់អំណោយ តាមរយៈកងនាវាចរសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក នូវថវិកាដើម្បីសាងសង់ អាគារមជ្ឈមណ្ឌលផ្តល់ឈាម និងអគារមន្ទីរពិសោធន៍នេះ។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ថ្លែងឲ្យដឹងទៀតថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រប់វិស័យត្រូវបានអភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស ក្នុងនោះវិស័យសុខាភិបាល បានរីកដុះដាលតាំងពីថ្នាក់កណ្តាល ទីប្រជុំជនរហូតដល់ជនបទដាច់ស្រយ៉ាល ធ្វើឲ្យប្រជាពលរដ្ឋគ្រប់រូប អាចទទួលបាននូវសេវាសុខាភិបាលនៅគ្រប់ច្រកល្ហក។

នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម មានមន្ត្រីរាជការសរុបចំនួន២៥២នាក់ ដែលកំពុងបម្រើការ នៅតាមបណ្តាផ្នែកនានា មានសមត្ថភាពអាចផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងបណ្តាខេត្តជិតខាងផងដែរ ដោយមន្ទីរពេទ្យនេះ ជាមន្ទីរពេទ្យកំរិតទី៣ CPA3 មានបុគ្គលិកគ្រប់គ្រាន់ដែល ជាការឆ្លើយតបទៅនឹងផែនការ របស់ក្រសួងសុខាភិបាល ។

លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា «ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោយពីបើកឲ្យប្រើប្រាស់នូវ អគារមជ្ឈមណ្ឌលផ្តល់ឈាម និងអគារមន្ទីរពិសោធន៍នេះ បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តនេះ និងតំបន់ជុំវិញ និងមានកន្លែងផ្តល់សេវាកាន់តែប្រសើរនិងមានប្រសិទ្ធភាព។ ខ្ញុំសូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ មន្ត្រីបុគ្គលិកសុខាភិបាល និងបងប្អូនប្រជាពលរដ្ឋទាំងអស់ជួយថែទាំអគារថ្មីនេះ ឲ្យបានគង់វង្សយូរអង្វែង ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជនយើងគ្រប់ៗរូប»៕