(ភ្នំពេញ)៖ គិតត្រឹមម៉ោង ៤៖០០រសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានទទួលថវិកាពីសប្បុរសជននានា ដើម្បីទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ សរុបទាំងអស់ ជាង៥៣លានដុល្លារអាមេរិកហើយ ក្នុងនោះមានជាលុយដុល្លារ ៥១.៤០៦.៣៧៧ដុល្លារ និងលុយខ្មែរ ៨.៣៤៧.២៦០.៩៤៧ រៀល។

ថវិកានេះ បានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែមានការចូលរួមបរិច្ចាគយ៉ាងសស្រាក់សស្រាំពីសាធារណជនគ្រប់ទិសទិស ទាំងវិនិយោគិន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ និងប្រជាពលរដ្ឋទូទៅផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ បន្ទាប់ពីមានការប្រកាសនេះ មានសប្បុរសជននានា បានចូលរួមបរិច្ចាគថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចូលរួមបរិច្ចាគនេះជាស្មារតីសាមគ្គីភាព ជាវប្បធម៌នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាមានធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ៕