(ភ្នំពេញ)៖ បក្ខពួកមេចោរប្លន់ទូមាស នៅតាមបណ្តាខេត្តម្នាក់ទៀត ត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ និងបង្ហាញមុខនៅរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មុនពេលបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវ។ ជនសង្ស័យរូបនេះ បានចូលរួមធ្វើសកម្មភាព ចុងក្រោយគឺប្លន់ទូមាស នៅខេត្តបាត់ដំបងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្ទះ៣៧៧ ក្រុម១២ ភូមិអូតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រតិបត្តិការ តាមចាប់ខ្លួនបក្ខពួកមេចោរប្លន់រូបនេះ បានធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងកម្លាំងនគរបាលរបស់លោកសហការជាមួយកម្លាំង នគរបាលខេត្តបាត់ដំបង និងនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ។

លោក ប៊ុន សត្យា បានប្រាប់អ្នកកាសែតថា «ស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តកិច្ចការស្រាវជ្រាវតាមប្រមាញ់ បក្ខពួកសេសសល់ នៅក្នុងសកម្មភាពប្លន់ទូមាស នៅទីកន្លែងខាងលើ ដោយមានដីកាពីតុលាការខេត្តបាត់ដំបង ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងកានគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ សុង លី ស្នងការរង និងជាប្រធានការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌ ការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល បានសហការជាមួយ ស្នងការនគរបាលខេត្តបាត់ដំបង និងនាយកដ្ឋានសន្តិសុខផ្ទៃ បានធ្វើការស្រាវជ្រាវនិងកំណត់ មុខសញ្ញាប្លន់ប្រដាប់អាវុធ ដែលបានប្លន់ទូមាសបានម្នាក់ទៀត និងឃាត់ឈ្មោះ សែម ប៊ុនសាត ហៅប្រុស នៅចំណុចមុខវិទ្យាល័យបឹងសាទ្បាង ក្រុមទី៩ភូម៣ ផ្លូវ២៥៩ សង្កាត់បឹងសាទ្បាង ខណ្ឌទួលលគោក»។

លោក ប៊ុន សត្យា បានបញ្ជាក់ថា សរុបនៅក្នុងកិច្ចប្រតិបត្តិស្រាវជ្រាវ និងបង្រ្កាបក្រុមចោរប្លន់ប្រដាប់អាវុធ ធ្វើសកម្មភាពប្លន់ទូមាស ខាងលើនេះ គឺនៅសេសសល់បក្ខពួកម្នាក់ទៀត ដែលស្នងការនគរបាលរាជធានីភ្នំពេញ កំពុងប្រឹងប្រែងខិតខំ ជំរុញការស្រាវជ្រាវ ដើម្បីឈានទៅដល់ការចាប់ខ្លួន»។

សូមបញ្ជាក់ថា បន្ទាប់ពីសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង បន្តបង្រ្កាបនិងចាប់ខ្លួន ឈ្មោះ គុជ រ៉ា មេចោរប្លន់ទូមាសនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ចំណុចស្រុកបារាយ ខេត្តកំពង់ធំ។ បច្ចុប្បន្ន ជនល្មើសខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃនេះ ដើម្បីចាត់កាតាមនីតិវិធី៕