(កណ្តាល)៖ ពលរដ្ឋចំនួន៦០នាក់ ក្នុងនោះមានស្រី២៩នាក់ និងកុមារ១៥នាក់ រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ទទួលបានអំណោយជាស្បៀងមួយចំនួនពីអភិបាលស្រុកកៀនស្វាយ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាគគីរ ក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ពិធីសំណេះសំណាល និងផ្តល់ជាអំណោយជូនប្រជាពលរដ្ឋបានធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាគគីរ បានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ មានការចូលរួមពីលោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ លោក ជា ប៊ុនធឿន ប្រធានក្រុមប្រឹក្សាស្រុក រួមនិងមន្ត្រីសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ សរុបជិត១០០នាក់។

នាឱកាសនោះ លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ ក៏បានថ្លែងអំពាវនាវជូនប្រជាពលរដ្ឋដែលបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនេះ ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត និងថែរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ជាពិសេសសូមគោរពតាមគោលការណ៍ របស់ក្រសួងសុខាភិបាលដែលបានចែងនាពេលកន្លងមក។

លោកអភិបាលស្រុករូបនេះ ថែមទាំងបានសំណូមពរដល់ប្រជាពលរដ្ឋដែលបញ្ចប់ការធ្វើចត្តាឡីស័កនេះ ជូនដំណឹងបន្តដល់ប្រជាពលរដ្ឋដែលនៅក្បែរផ្ទះខ្លួនឲ្យមានការប្រុងប្រ័យត្នជាមួយនឹងជំងឺកូវីដ១៩ ចៀសវាងការនៅជួបជុំគ្នាច្រើនលើសកម្រិតដែលនាំឲ្យកើតជាបញ្ហាមួយចំនួនដោយមិនដឹងខ្លួន។

ប្រជាពលរដ្ឋដែលបញ្ចប់ការធ្វើចត្តាឡីស័កប្រមាណ៦០នាក់ទាំងអស់នោះ ទទួលបានអំណោយមួយចំនួនរួមមាន៖ ១៖ ទឹកសុទ្ធ០១កេស, ២៖ ទឹកស៊ីអ៊ីវ០១យួរ, ៣៖អង្ករ០១បាវ ជម្ងន់២០គីឡូក្រា ម ជាមួយនិងថវិកាម្នាក់ៗ(មនុស្សចាស់)ទទួលបានចំនួន៥០០០០រៀល និងកុមារទទួលបានថវិកា២០,០០០រៀល ដោយក្នុងនោះចំណាយថវិកាសរុបមានចំនួន ៤,៤១០,០០០រៀល អង្ករចំនួន៩០០គ.ក្រ ទឹកស៊ីអ៊ីវ៤៥យួរ និងទឹកសុទ្ធ៤៥កេស និង៤៥យួរ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៦០នាក់ ដែលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ត្រូវបានក្រុមការងារគ្រូពេទ្យយកសំណាកទៅពិនិត្យ៣ដងរួចហើយ ឃើញថាអវិជ្ជមានទាំងអស់៕