(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំស្ដីពី វិធានការការពារការចម្លងជំងឺកូវីដ-១៩ ដល់នាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិទាំងអស់ ជាពិសេសច្រកទ្វារ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានធ្វើការណែនាំដូចខាងក្រោម៖

* ទី១៖ ត្រូវបន្តរួមសហការយ៉ាងជិតស្និទ្ធ ជាមួយមន្ត្រីក្រសួងសុខាភិបាល ធ្វើការត្រួតពិនិត្យ ជាពិសេសដំណើរចូលរបស់ភ្ញៀវបរទេស និងពលរដ្ឋខ្មែរ ដែលចូលមកពីប្រទេសថៃ ឲ្យបានហ្មត់ចត់ដោយតម្រូវឲ្យពួកគាត់ ធ្វើការធ្វើចិត្តឡីស័កត្រឹមត្រូវតាមការកំណត់។

* ទី២៖ យកចិត្តទុកដាក់គ្រប់គ្រង និងល្បាតត្រួតពិនិត្យស្លាបឆ្វេង ស្លាបស្តាំ ក្នុងដែនសមត្ថកិច្ចច្រកទ្វារ ឲ្យបានច្បាស់លាស់ និងត្រូវឃាត់អ្នកដំណើរចូល ជាពិសេសពលរដ្ឋខ្មែរដែលចូលពីប្រទេសថៃ ដើម្បីយកមកប្រគល់ឲ្យមន្ត្រីភ្នាក់ងារសុខាភិបាល ធ្វើការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ឲ្យបានហ្មត់ចត់។

* ទី៣៖ ត្រូវយកចិត្តទុកដាក់ធ្វើការណែនាំ ក្រើនរំលឹកដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលប្រចាំការនៅច្រកទ្វារឲ្យយកចិត្តទុកដាក់ រក្សាគម្លាតបុគ្គល រក្សាអនាម័យលាងដៃនឹងសាប៊ូ អាកុល ឬដែល និងប្រុងប្រយ័ត្នការឆ្លងពីអ្នកដំណើរ ដែលចូលមកព្រះរាជាណាចក្រកម្ពុជា៕