(ភ្នំពេញ)៖ យុវជនក្រុមប្រឆាំងឈ្មោះ គង់ រ៉ៃយ៉ា និងភរិយា ដែលទើបត្រឡប់មកពីប្រទេសថៃ ហើយគេចវេសមិនអនុវត្តតាមវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវនោះ នៅល្ងាចថ្ងៃទី២0 ខែធ្នូ ឆ្នាំ២០២០ ត្រូវបានអាជ្ញាធរ និងមន្រ្តីជំនាញ ហៅឱ្យទៅធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ដើម្បីបង្ការការចម្លងកូវីដ១៩ ស្របពេលដែលប្រទេសថៃ កំពុងផ្ទុះការឆ្លងរីករាលដាលយ៉ាងខ្លាំងក្លា។

លោក គង់ រ៉ៃយ៉ា ទើបតែត្រឡប់មកពីប្រទេសថៃ តាមច្រកសំពៅលូន ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ហើយបានមកស្នាក់នៅក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមិនបានធ្វើតេស្តរកវីរុស្តកូវីដ-១៩ និងមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវ។

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា៖ ក្រោយពេលទទួលបានព័ត៌មានខាងលើ និងបន្ទាប់ពីមានការណែនាំផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីចុះមកអញ្ជើញ លោកគង់ រ៉ៃយ៉ា និងភរិយាទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចាក់អង្រែ ឲ្យបានត្រឹមត្រូវ ដើម្បីរកមេរោគកូវីត-១៩ ចៀសវាងការចម្លងមកក្នុងសហគមន៍។

លោកបានបន្តថា ក្រោយពេលអញ្ជើញពួកគេឱ្យទៅធ្វើចត្តាឡីស័កហើយនោះ ក្រុមការងារសុខាភិបាល និងអាជ្ញាធរខណ្ឌ សង្កាត់ ក៏បានបាញ់ថ្នាំសម្លាប់មេរោគនៅផ្ទះលោក គង់ រ៉ៃយ៉ា និងនៅផ្ទះដែលនៅជុំវិញផ្ទះលោកផងដែរ ខណៈដែលការមិនបានធ្វើតេស្តរកវីរុសកូវីដ-១៩ និងមិនអនុវត្តចត្តាឡីស័កត្រឹមត្រូវនេះ បានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅក្នុងភូមិ។

លោកអភិបាលរងបានបន្តទៀតថា៖ មិនមែនតែពេលនេះទេ ជាទូទៅឲ្យតែទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋ ដែលត្រឡប់មកពីក្រៅប្រទេស ដោយមិនបានធ្វើ ចត្តាឡីស័កត្រឹមត្រូវនោះ អាជ្ញាធរ និង មន្ត្រីជំនាញរបស់យើងតែងតែមកអញ្ជើញគាត់ ឲ្យទៅធ្វើចត្តាឡីស័ក ជាច្រើនលើក តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេស ក្រសួងសុខាភិបាល និង អភិបាលរាជធានីភ្នំពេញ។

ជាមួយគ្នានោះលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យទាំងមូល ក៏ដូចជានៅរាជធានីភ្នំពេញ មេត្តាផ្តល់ព័ត៌មានទៅអាជ្ញាធរ សង្កាត់ ភូមិ បើឃើញអ្នកទើបត្រឡប់មកពីបរទេស ហើយមិនបានអនុវត្តចត្តាឡីស័កត្រឹមត្រូវ មកស្នាក់នៅក្នុងភូមិរបស់យើង ឬ ហៅទៅកាន់លេខ១១៥ ។ ធ្វើយ៉ាងនេះ យើងអាចចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ការចម្លងវីរុស ដ៏កាចសាហាវនេះមកក្នុងសហគមន៍របស់យើងតទៅទៀត។

ក្នុងឱកាសនោះដែរប្រជាពលរដ្ឋដែលរស់ នៅភូមិថ្មគោល២ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានសម្ដែងនូវក្តីត្រេកអរឥតឧបមា ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ សង្កាត់ ដែលបានការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងសុវត្ថិភាពរបស់ពួកគាត់ លើការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ស្របពេលដែលជំងឺនេះកំពុងតែរាតត្បាតលើពិភពលោក ក៏ដូចជាកម្ពុជា។

សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ថៃបានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ដល់ទៅជាង៥០០ករណី ក្នុងចំណោមពលករចំណាកស្រុក នៅឯខេត្តសាមុតសាខន (Samut Sakhon) ភាគនិរតីទីក្រុងបាងកក ខណៈវាជាចំនួនករណីឆ្លងដ៏ច្រើនបំផុតដែលត្រូវបានរាយការណ៍ក្នុងរយៈពេលត្រឹម១ថ្ងៃ។

ឆ្លើយតបនឹងការផ្ទុះជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានេះ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់បណ្តាខេត្តកម្ពុជាចំនួន៧ ដែលនៅជាប់ព្រំដែនថៃ ឱ្យមានការរឹតបន្តឹងការធ្វើចត្តាឡីស័ក សម្រាប់ពលករ និងពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃផងដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានទម្លាក់កញ្ចប់ថវិកាក្នុង១ខេត្តចំនួន ៥០លានរៀល ដើម្បីរៀបចំដោះស្រាយបញ្ហាចំពោះមុខនេះផងដែរ៕