(ស្វាយរៀង)៖ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានស្នើដល់គ្រប់ស្ថាប័ននិងមន្ទីរ ក្នុងខេត្តស្វាយ រៀង យកចិត្តទុកដាក់ខ្ពស់ថែមទៀតក្នុងការផ្តល់សេវា ក៏ដូចជាផ្តល់ការងារជូនជនពិការ ធ្វើយ៉ាងណាលើកកម្ពស់ជីវភាពនិងសិទ្ធិរស់នៅ របស់ជនពិការឲ្យបានកាន់តែល្អប្រសើរ។

សំណើរបស់ លោក ឯម ច័ន្ទមករា បានលើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីភារកិច្ចរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ និងផែនការ យុទ្ធសាស្រ្តស្តីពីពិការភាពឆ្នាំ ២០១៤-២០១៨ ដល់មន្រ្តីសាលាខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។ ពិធីផ្សព្វ ផ្សាយនេះ មានការអញ្ជើញចូលរួមពីលោកស្រី ពៅ សុភាព អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្តស្វាយរៀង ព្រមទាំងមន្រ្តីមកពីមន្ទីរ និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តជាច្រើនរូបផ្សេងទៀត។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីការងារ និង ភារកិច្ចរបស់មន្រ្តីក្រុមប្រឹក្សាសកម្មភាពជនពិការនេះ លោក ឯម ច័ន្ទមករា បានស្នើមន្រ្តីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់ទៅលើការលើកកម្ពស់សិទ្ធិរបស់ជនពិការ ក៏ដូចជាការផ្តល់ជូននូវសេវាផ្សេងៗផងដែរ។ លោកអគ្គលេខាធិ ការក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើឲ្យសាងសង់ផ្លូវជម្រាលនៅតាមមន្ទីរស្ថាប័នផ្តល់សេវាសាធារណៈនៅក្នុងខេត្ត ដើម្បីផ្តល់ភាពងាយស្រួលដល់ជនពិការក្នុងការទៅទទួលនូវសេវាផ្សេងៗ។

ក្រៅពីនោះលោក ឯម ច័ន្ទមករា បានស្នើទៅកាន់អភិបាលរងខេត្តស្វាយរៀង ឲ្យជួយជំរុញឲ្យសណ្ឋាគារ ផ្ទះសំណាក់ រៀបចំដាក់ស្លាកសញ្ញាជនពិការនៅបន្ទប់អនាម័យ និង ត្រូវមានធ្នាក់ដៃ ហើយត្រូវមានស្លាកសញ្ញាសម្រាប់ជនពិការអាចចតយានយន្តបាន។

ដើម្បីធានាបានការលើកកម្ពស់សិទ្ធិរបស់ជនពិការ និង លុបបំបាត់ការរើសអើងលើជនពិការ ជាពិសេសធ្វើយ៉ាង ឲ្យជួនពិការអាចទទួលបាននូវផលប្រយោជន៍ ដោយសមធម៌ពីការអភិវឌ្ឍ និងភាពរីកចម្រើន នៃសង្គមជាតិនោះ ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាប្រធានកិត្តិយស និងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាននិងកំពុងបង្កើនសកម្មភាព របស់ខ្លួនជាខ្លាំង តាមរយៈការចុះផ្សព្វផ្សាយពីតួនាទីភារកិច្ច ក្រុមប្រឹក្សាសកម្មភាពជនពិការ និងផែនការយុទ្ធ សាស្រ្តស្តីពីពិការភាពឆ្នាំ ២០១៤-២០១៨ ដល់មន្រ្តីនៅតាមបណ្តាខេត្ត និងក្រសួងនានា៕