(ព្រៃវែង)៖ កម្លាំងនគរបាល សហការជាមួយកម្លាំងអាវុធហត្ថខេត្តព្រៃវែង បានធ្វើការស្រាវជ្រាវរហូតតាមចាប់ ជនដៃដល់ម្នាក់ដែលបាន ចាក់សម្លាប់ ជនរងគ្រោះដោយជំពុះទង់ (កាប៊ីកាំភ្លើង) ក្រោយពីភាគីទាំង២នាក់ មានជម្លោះរឿងលេងបាល់ទះ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៦នេះ។

លោកឧត្តមសេនីយ៍ត្រី សេង សុភក្តិ ស្នងការរងនគរបាលទទួលផែនព្រហ្មទណ្ឌ បានប្រាប់ថា អំពើឃាតកម្មចាក់សម្លាប់ជនរងគ្រោះ ខាងលើនេះ បានកើតឡើង នៅចំណុចក្រៅរបងឆៀងខាងកើត វិទ្យាល័យព្រៃពោន ភូមិព្រៃពោនឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ហើយជនដៃដល់ត្រូវបានសមត្ថកិច្ច តាមចាប់ខ្លួនបាននៅប៉ុន្មានម៉ោងក្រោយមក។

លោកស្នងការរងបានបញ្ជាក់ថាជនល្មើសឈ្មោះ លី សុធីរះ អាយុ១៨ឆ្នាំ រស់នៅភូមិឃុំខាងលើ ហើយជនរងគ្រោះមានឈ្មោះ ជុំ រីឆាត អាយុ១៩ឆ្នាំរស់នៅភូមិរលួស ឃុំចាម ស្រុកកំពង់ត្របែក ត្រូវពីក្រោយចំខ្នងផ្នែកខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ ពេលដឹកដល់ មន្ទីរពេទ្យបង្អែកបានស្លាប់។

លោក សេង សុភក្តិ បានបញ្ជាក់ថា ក្រោយមានអំពើឃាតកម្មនេះកើតឡើង ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ត្រី ស្រេង ជា បានបញ្ជាឲ្យនគរបាលជំនាញ សហការជាមួយកម្លាំងអាវុធហត្ថខេត្ត ធ្វើការស្រាវជ្រាវ រហូតតាមចាប់ជនល្មើសរូបនេះតែម្តង។

ជនសង្ស័យត្រូវបាននាំខ្លួន យកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាល ដើម្បីត្រៀមបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្ត ចាត់ការតាមនីតិវិធី៕