(ភ្នំពេញ)៖ ក្នុងសង្គមមនុស្សបើនិយាយពីការញំាកាហ្វេ មិនថាជាតិសាសន៍ខ្មែរ ឬជាតិសាសន៍ណាទេតែងតែនិយមចូលចិត្ដទទួលទានកាហ្វេ​ ជាប្រចំាថ្ងៃដើម្បីកំដរផ្លូវអារម្មណ៍ជីវិត។ ទន្ទឹមនឹងនេះការញំាកាហ្វេហាក់បានឆ្លុះបញ្ចំាងពីទស្សន:ជីវិតមនុស្សផងដែរ។ តើការញំាកាហ្វេបានឆ្លុះបញ្ចំាងពីទស្សន:ជីវិតមនុស្សយ៉ាងណា?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានបកស្រាយបំភ្លឺថាជាការពិតណាស់! ជាធម្មតាបើនិយាយពីការញំាកាហ្វេយើងម្នាក់ៗហាក់ចាត់ទុកថាការញំាកាហ្វេគឺគ្រាន់តែជាការពិសាភេសជ្ជះធម្មតាប៉ុណ្ណោះ ដើម្បីកំដរផ្លូវអារម្មណ៍ជី​វិត​ ឬបំបាត់នូវការងងុយគេង ឬការណាត់ជួបពិភាក្សាគ្នាពីនេះពីនោះជាដើម។ ប៉ុន្ដែទន្ទឹមនឹងនេះបើយើងពិនិត្យឲ្យជ្រៅជាងនេះបន្ដិច ជីវិតមនុស្ស​យើងស្រដៀង​គ្នា​និង​កាហ្វេ​នេះឯង។​ បានន័យថាកា​ហ្វេ​ពី​ដំ​បូង​​មានរស​ជាតិ​ល្វីង​ ហើយ​វា​នឹង​បញ្ចប់់​​ដោយ​រស​ជាតិ​ផ្អែម​។​

លោក រត្ន័ សណ្ដាប់ បន្ដថាចំពោះរស​ជាតិ​ល្វីង​របស់​កា​ហ្វេ​​បានធ្វើ​ឲ្យ​កាហ្វេ​មាន​សម្រស់​​ មាន​ស្នេហ៍​មុខ​។​ មនុស្ស​គ្រប់​គ្នា​ចាប់​ចិត្ដ​​ជាប់​អារម្មណ៍​លើ​ក្លិន​ឈ្ងុយ​ពេល​គេ​លីង​គ្រាប់​កាហ្វេ​ មុន​យក​ទៅ​កិន​ឲ្យ​ទៅ​ជា​ម្សៅម៉ដ្ឋ។​ ស្ថិតក្នុងន័យនេះ កាហ្វេបានឆ្លុះបញ្ចំាងពីទស្សន:ជីវិត​មនុស្ស​ គឺ​មាន​រស​ជាតិ​ល្វីង​ដូច​កាហ្វេ​យ៉ាងដូច្នោះឯង។ ពីព្រោះរស​ជាតិ​ល្វីង​បង្ខំ​ឲ្យ​មនុស្ស​ចេះ​គិត​ដើម្បី​យក​រសជាតិ​ល្វីង​នេះ​ទៅ​ផ្សំ​ជា​មួយ​រស​ជាតិ​ផ្សេង​ៗ​ទៀត​របស់​ជី​វិត។​ កាហ្វេ​មាន​រសជាតិ​ល្វីង ជីវិត​មនុស្ស​ក៏​មាន​រស​ជាតិ​ល្វីង​ដែរ​។​

​លោក រត្ន័ សណ្ដាប់ បន្ដទៀតថាបើឈរលើទស្សន:វិជ្ជានៃរស​ជាតិ​ល្វីង​នេះ​ទៀតសោត គឺការញំាកាហ្វេប្រៀបបានជាការជួយ​ដាស់​សតិ​អារម្មណ៍​របស់​មនុស្ស​កុំ​ឲ្យ​ភ្លេច​ស្មារតី​ថា​ «ថ្ងៃ​ណា​មួយ​រស​ជាតិ​ល្វីង​និង​បាត់បង់​ទៅ​ដោយ​សារ​គេ​​ផ្សំ​ និង​រស​ជាតិ​ផ្សេង»ទៀត​។​ រស​ជាតិ​ល្វីង​នៃ​ជីវិត​ក៏​អាច​បាត់​បង់​ទៅ​ដោយ​រស​ជាតិ​ផ្សេង​របស់​ជីវិត​បាន​ចូល​មក​បន្សាប​ដូចគ្នាដែរ។​

ទន្ទឹមនឹងនេះដែរ រីឯពែង​កាហ្វេ​វិញ គឺមិន​ទាក់​ទង​និង​រសជាតិ​របស់​កាហ្វេ​ទេ​។​ ប៉ុន្ដែ​ធម្មជាតិ​របស់​មនុស្ស​តែងតែ​ចង់​បាន​ពែង​កាហ្វេ​ដែល​មាន​តម្លៃ​ខ្ពស់​។ បើដូចនេះបើមនុស្ស​ឲ្យ​តម្លៃ​លើ​តែ​ពែង​កាហ្វេ​ហួស​ហេតុ​ពេក គឺប្រាកដធ្វើឲ្យ​មនុស្ស​បាត់​បង់​សេចក្ដី​សុខ​ ដែល​បាន​មក​ពី​រស​ជាតិ​របស់​កាហ្វេ​នៅ​ក្នុង​ពែង​នេះឯង។​ ព្រោះមនុស្ស​ដែល​មាន​សេចក្ដី​សុខ​មិន​មែន​ជា​មនុស្ស​ដែល​មាន​អ្វី​ៗ​គ្រប់​យ៉ាង​នោះ​ទេ​។​ បានសេចក្ដីថាសេចក្ដី​សុខ​នៅ​ជា​​មួយ​មនុស្ស​ដែល​ល្អ​បំផុត​នោះ គឺអ្វី​ៗដែល​មនុស្ស​អាច​មាន​តែ​ប៉ុណ្ណោះ។​ រីឯពែង​កាហ្វេ​មិន​អាច​ប្ដូរ​រស​ជាតិ​របស់​កាហ្វេ​​ក្នុង​ពែង​បាន​ទេ​។​​

ជាសរុបកាហ្វេជា​គូជីវិត​របស់មនុស្ស​មួយ​ចំនួន​ធំ​ពិសេសឥស្សរជនល្បីៗ ឬមនុស្សទទួលជោគជ័យភាគច្រើន គឺចូលចិត្ដទទួលទានកាហ្វេនេះឯង។ ការ​ទទួល​ទាន​កា​ហ្វេ​នំា​ឲ្យ​មនុស្ស​ចៀស​ផុត​ពី​ការ​ដាច់សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​២០%​ និង​​អាច​ចៀស​ផុត​ពីជំងឺ​បាត់​ការ​ចង​ចំា​​បាន​​។​ ប៉ុន្ដែ​កុំ​ទទួល​ទាន​ក្នុង​មួយ​ថ្ងៃ​លើស​ពី​៤​កែវ​។​ បើដូច្នេះអ្វីជាការទទួលទានល្អ​បំផុត​នោះ គឺមួយ​ថ្ងៃ​២​កែវ​ បន្ទាប់​មក​​ត្រូវ​ទទួល​ទាន​ទឹក​សុ​ទ្ធ​១​កែវ​ ដើម្បី​រក្សា​តុល្យភាព​ទឹក​ក្នុង​រាង​កាយ​​ ព្រោះ​កា​ហ្វេ​មាន​តួ​នាទី​កាត់​បន្ថយ​ទឹក​ បន្ទាប់​ពី​ការ​ទទួល​ទាន​រយ:ពេល​១ម៉ោង​មក​៕