(ភ្នំពេញ)៖ ក្រុម ការងារ NACC Team Against Covide-19 របស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានចុះធ្វេីយុទ្ធនាការ អប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំបំភាយសម្លាប់ មេរោគ ទប់ស្កាត់ និងបង្ការ ការឆ្លងរាលដាលជំងឺកូវីដ១៩ (Covid-19) នៅរោងចក្រ ជាវៃ (ខេមបូឌា) ហ្គាមេន ហ្វេធើរី ស្ថិតអាគារលេខ១២ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សកម្មភាព បានធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២០ ដោយមានការចូលរួមពីសំណាក់លោក សោម អូន ប្រធាន សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា និងលោកTam Kwokhee អគ្គនាយករោងចក្រជាវៃ ព្រមទាំងគណកម្មាធិការប្រត្តិបត្តិ NACC និង មន្រ្តីពាក់ព័ន្ឋជាច្រើនរូបទៀត។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក Tam Kwokhee បានថ្លែងថា រោងចក្ររបស់លោកបានអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩។

លោកបានថ្លែងអំណគុណដល់លោក សោម អូន និងក្រុមការងារ ដែលបានដឹកនាំក្រុមការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ចុះធ្វើយុទ្ឋនាការអប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លងមេរោគនេះ អគាររដ្ឋបាល អគារសង្វាក់ផលិតកម្ម និង នៅបរិវេណជុំវិញ និង នៅរោងចក្រជាវៃ។

លោក សោម អូន បានឲ្យលើកឡើងថា ជម្ងឺកូវីដ-១៩ នៅតែគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សជាតិនៅលើ ពិភពលោក មិនទាន់ថមថយនៅឡើយ ហើយបើគិតត្រឹមថ្ងៃនេះ គឺនៅលើពិភពលោក មានអ្នកផ្ទុកជម្ងឺកូវីដ១៩ ជាង៧៦លាននាក់ ននិងមានអ្នកស្លាប់ចំនួនជាង១លាន៦សែននាក់។

លោកបន្តថា ស្របពេលជាមួយនេះ ក្រុម NACC Team Against Covide-19 បាននឹងកំពុងបន្ត សកម្មភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយធ្វើយុទ្ឋនាការផ្សព្វផ្សាយអប់រំដល់កម្មករនិយោជិត និងប្រជាពលរដ្ឋ ព្រមទាំងបាញ់ថ្នាំបំភាយ សម្លាប់មេរោគទប់ស្កាត់ ការពារការរីករាលដាលឆ្លងជម្ងឺនេះ ដែលបានធ្វើសកម្មភាពនៅតាមបណ្តាខេត្ត រាជធានី ជាពិសេសនៅតាមបន្ទប់ជួលកម្មករ និងកន្លែងធ្វើការរបស់កម្មករ។

លោក សោម អូន បានបន្តថា ដោយសារវិធានការរហ័ស លឿន ដ៏មានប្រសិទ្ឋិភាពរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យកម្ពុជា គ្រប់គ្រងស្ថានភាពកូវីដបានល្អ ទោះបីបានផ្ទុះក្នុងសហគមន៍ក៏ដោយ។

លោកក៏បានស្នើដល់បងប្អូនកម្មករ និងសហជីព បន្តចូលរួមបរិច្ចាគថវិកា ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ប៉ុន្តែទោះបីយ៉ាណា នៅក្នុងអន្តរកាលមិនទាន់មានវ៉ាក់សាំងមកដល់ លោកបានផ្តាំកុំធ្វេសប្រហែសឲ្យសោះ ពីព្រោះជម្ងឺនេះវាអាចផ្ទុះឡើងនៅគ្រប់វិនាទី។

លោក សោម អូន បានអំពាវនាវដល់បងប្អូនកម្មករនិយោជិត និងថៅកែរោងចក្រ បន្តចូល រួមអនុវត្តនូវអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី, សេចក្តីណែនាំបន្ថែមរបស់ក្រសួងការងារលេខ១៥៥ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២០ ស្តីពីវិធាន ការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស និង វិធានការរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ ថា បន្ទាប់ពីសំណេះ សំណាលជាមួយតំណាងសហជីព តំណាងកម្មករ ប្រធានក្រុម និងប្រធានផ្នែក លោក សោម អូន បានប្រគល់ម៉ាសមួយចំនួនដើម្បីទុកចែកជូនដល់បងប្អូនកម្មករនិយោជិត និងបានធ្វើទស្សនកិច្ច និងសួរសុខទុក្ខបងប្អូនកម្មករនៅតាមសង្វាក់ផលិតកម្ម។ រោងចក្រខាង លើនេះ មានកម្មករបំរើការងារចំនួនជាង ១០០០នាក់៕