(កំពង់ធំ)៖ លោក ខាន់ ខុន សមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក ខេត្តកំពង់ធំ និងជាទីប្រឹក្សាក្រសួងធម្មការ និងសាសនា សហការជាមួយក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត នាំយកអំណោយគ្រឿងឧបភោគបរិភោគ ទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះជនចាស់ជរា និងជនពិការ ២៩០គ្រួសារ ក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ឃុំកំពង់ស្វាយ និងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

នៅក្នុងឱកាសនៃការនាំយកអំណោយកាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ លោក ខាន់ ខុន បានជំរុញឲ្យប្រជាពលរដ្ឋប្រកាន់ខ្ជាប់ខ្ជូននូវសារគន្លឹះសុខភាព ហូបស្អាត អនាម័យស្អាត និងរស់នៅស្អាត ដើម្បីបង្ការជំងឺឆ្លងនានា ជាពិសេសវីរុសថ្មីកូវីដ១៩ ដែលរាជរដ្ឋាភិបាល និងពិភពលោកកំពុងតែមានការព្រួយបារម្ភលើបញ្ហានេះ ថែមទាំងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ទៅពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញ ឬមណ្ឌលសុខភាពដែលនៅជិត ប្រសិនបើមានបញ្ហាសុខភាព។

លោកបានលើកឡើងទៀតថា «ត្រូវអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសារអប់រំណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួម និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) ដែលកំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង»

លោកបន្ថែមថា ក្នុងពេលនេះ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានគិតគូរយកចិត្តទុកដាក់ខ្ពស់ ដល់ការជួយសង្គ្រោះអាយុជីវីត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងបានចុះដោយផ្ទាល់នៅទីកន្លែងដែលរងគ្រោះ ដោយបានចែកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់បានទាន់ពេលវេលា ដោយមិនទុកឲ្យប្រជាជនណាម្នាក់ ស្លាប់ដោយអត់អាហារឡើយ។

លោកបន្តថា អាចនិយាយបានថា ទីណាមានការលំបាក ទីនោះមានរាជរដ្ឋាភិបាល មានសម្តេចតេជោនាយករដ្ឋមន្រ្តី និងមានសប្បុរសជនទាំងក្នុង និងក្រៅប្រទេស នៅតាមជួយប្រជាពលរដ្ឋជានិច្ច សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាម្តងណាឡើយ។

លោកបន្តទៀតថា ចំពោះគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដើម្បីឲ្យប្រជាពលរដ្ឋ ទទួលបាននូវចំណេះដឹងច្បាស់លាស់ កុំឲ្យមានបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្សេងៗ ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បំផុត។

សូមបញ្ជាក់ផងដែរថា សម្រាប់អំណោយដែលប្រជាពលរដ្ឋទទួលបានក្នុងមួយគ្រួសារទទួលបានដូចជា អង្ករ, មី, ទឹកត្រី, ហើយក្នុងឱកាសនោះដែលអាជ្ញាធរដែនដី និងប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណដល់លោក ខាន់ ខុន និងក្រុមហ៊ុន ប៊ីម៉ារៀលអ៊ីស្ទេត ដែលបាននាំយកអំណោយមកចែកជូនក្នុងគ្រាដែលជួបការលំបាកនេះ ដល់ប្រជាពលរដ្ឋ២៩០គ្រួសារ មានដូចជា ក្រុងស្ទឹងសែន ភូមិស្រយ៉ូវ សង្កាត់ស្រយ៉ូវចំនួន ៧០គ្រួសារ, ស្រុកកំពង់ស្វាយ ភូមិអូរសាលា ឃុំកំពង់ស្វាយចំនួន ៧០គ្រួសារ, និងឃុំផាត់សណ្ដាយ ១៥០គ្រួសារផងដែរ៕