(កំពង់ឆ្នាំង)៖ កាកសំណល់ស្អុយរលួយជះក្លិនអាសោចន៍ ដែលបង្ហូរចេញពីអាហារដ្ឋានដីរីស ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងរំខានដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ដែលនៅជុំវិញត្រពាំងតូចមួយ ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ។

យោងតាមប្រជាពលរដ្ឋ ដែលនៅជុំវិញត្រពាំងមួយនោះ បាននិយាយថា ហាងអាហារដ្ឋានដំរី-ស បានបង្ហូរកាកសំណល់ស្អុយរលួយ កខ្វក់ជះក្លិនពិបាកដកដង្ហើមជារៀងរាល់ថ្ងៃ ពួកគាត់ជាពិសេស នៅពេលរាល់ល្ងាចធំក្លិនកាកសំណល់ទាំងនោះស្ទើរតែបរិភោគ អាហារមិនចូល ដែលជាកត្តាមួយបានប៉ះពាល់ ដល់សុខភាព និងការរស់នៅប្រចាំថ្ងៃ  និងប៉ះពាល់យ៉ាងខ្លាំង ដល់បរិស្ថានទូទៅផងដែរ ។

គួរជម្រាបថា ជាច្រើនឆ្នាំកន្លងមកហើយ ហាងអាហារដ្ឋានដំរី-សមួយនេះ មិនដែលមានការបូមកាកសំណល់យកទៅចោលឲ្យបាន ត្រឹមត្រូវនោះទេ គឺបានបង្ហូរកាកសំណល់គ្រប់ប្រភេទ រួមទាំងលាមកផងដែរ ចូលទៅក្នុងត្រពាំង ដែលនៅជាប់នឹងផ្លូវជាតិលេខ៥ តែម្តង៕