(ព្រះសីហនុ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះពិនិត្យដំណើរការសាងសង់អគារមន្ទីរពិសោធន៍ ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលត្រូវបានសាងសង់ថ្មី ដើម្បីពង្រីកសមត្ថភាពក្នុងការផ្តល់សេវាមន្ទីរពិសោធន៍ ជាពិសេសការធ្វើតេស្តរកវីរុសកូវីដ-១៩ ថ្នាក់តំបន់។

មន្ទីរពិសោធន៍នេះ ជាមន្ទីរពិសោធន៍មួយត្រូវបានពង្រីកក្នុងចំណោមមន្ទីរពិសោធន៍ទាំងបី ដែលត្រូវបានពង្រីក គឺមន្ទីរពិសោធន៍ខេត្តបាត់ដំបង ខេត្តសៀមរាប តាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អគារមន្ទីរពិសោធន៍នេះ ត្រូវសាងសង់ទំហំសរុប ៤៥៨,២០ ម៉ែត្រការ៉េ ដែលក្នុងនោះគណៈអភិបាលខេត្ត ជាអ្នកទទួលបន្ទុកក្នុងការសាងសង់អគារ ចំណែកម៉ាស៊ីនធ្វើតេស្ត ព្រមទាំងសម្ភារបរិក្ខារមន្ទីរពិសោធន៍ផ្សេងៗ ត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងត្រូវបញ្ចប់ការសាងសង់នាដើមឆ្នាំ២០២១។

ក្នុងពេលពិនិត្យការដ្ឋានសាងសង់នេះ រដ្ឋមន្រ្តីសុខាភិបាល បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់អភិបាលខេត្តព្រះសីហនុ មន្រ្តីសុខាភិបាលខេត្តព្រះសីហនុគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងក្រុមការងារដែលបានខិតខំសាងសង់អគារមន្ទីរពិសោធន៍។

រដ្ឋមន្រ្តី ម៉ម ប៊ុនហេង ក៏បានផ្តល់ការណែនាំដល់អ្នកទទួលខុសត្រូវ ឱ្យយកចិត្តទុកដាក់ក្នុងការសាងសង់ ធានាគុណភាព និងបច្ចេកទេសតាមស្តង់ដារមន្ទីរពិសោធន៍។ ទន្ទឹមនឹងនោះ រដ្ឋមន្រ្តីសុខាភិបាល បានស្នើសុំភាគីមិត្តចិន ឧបត្ថម្ភសម្ភារបរិក្ខារមន្ទីរពិសោធន៍មកពិនិត្យទីតាំងផ្ទាល់ មុននឹងការងារសាងសង់បញ្ចប់ ដើម្បីងាយស្រួលក្នុងការតំឡើងសម្ភារបរិក្ខារទាំងនោះ៕