(ក្រចេះ)៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ នាសាលប្រជុំមន្ទីរបក្សខេត្តក្រចេះ បានបើកកិច្ចប្រជុំក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ ដើម្បីពិនិត្យពិភាក្សា លើការគ្រប់គ្រងរដ្ឋបាលតាមភូមិឧបសម្ព័ន្ធទាំង១២៤ ក្នុងខេត្តក្រចេះ។

កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់លោកស្រី អស់លោកជាមន្ត្រីនៅថ្នាក់ជាតិ ដែលជាអនុប្រធានក្រុមការងារខេត្ត និងជាប្រធានក្រុមការងារស្រុក ក្រុង អស់លោកអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការរដ្ឋបាលខេត្ត ព្រមទាំងអស់លោក លោកស្រីជាអភិបាលស្រុក មេឃុំ ចៅសង្កាត់ទាំងអស់ក្នុងខេត្តសរុបប្រមាណ១០០នាក់។

ក្រោយការពិនិត្យពិភាក្សាពីស្ថានភាពជាក់ស្តែង លើចំណុចគន្លឹះនៃបញ្ហាប្រឈមនានា ក្នុងការគ្រប់គ្រងរដ្ឋបាលភូមិឧបសម្ព័ន្ធក្នុងខេត្តរួចមក អង្គប្រជុំបានសម្រេចប្រគល់ឱ្យរដ្ឋបាលខេត្ត ធ្វើសេចក្តីរាយការណ៍ជូនក្រសួងមហាផ្ទៃសុំបង្កើតភូមិទាំងអស់នោះ ទៅជាភូមិរដ្ឋបាលជាផ្លូវការ ដើម្បីបង្កលក្ខណៈស្រួលដល់ការគ្រប់គ្រង និងអភិវឌ្ឍន៍ភូមិ ឃុំស្របតាមការវិវដ្តរីកចំរើនរបស់មូលដ្ឋាន។

សូមបញ្ជាក់ថា រចនាសម្ព័ន្ធរដ្ឋបាលរបស់ខេត្តក្រចេះ រួមមានស្រុក៥ និងក្រុង១។ ឃុំ សង្កាត់ទាំង៤៧ ក្នុងស្រុក ក្រុងទាំង៦ មានភូមិរដ្ឋបាលចំនួន២៥៨ និងភូមិឧបសម្ព័ន្ធដែលជារចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលបណ្តោះអាសន្នសរុបចំនួន១២៤ភូមិ។

ក្នុងភូមិឧបសម្ព័ន្ធទាំងអស់មានប្រជាជន ២២.៦២០គ្រួសារ ចំនួនមនុស្ស ៨៧.០៧៦នាក់ គឺស្មើនឹង២៥ភាគរយ នៃប្រជាជនសរុបរស់នៅក្នុងខេត្តក្រចេះ៕