(ភ្នំពេញ)៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសតាំងប្រធានសមាគម និងក្រុមប្រឹក្សាភិបាល អាណត្តិទី៧ សម្រាប់ ឆ្នាំ២០២១-២០២២ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ដោយមានការផ្អាកបន្តរាល់ សកម្មភាពជួបជុំដែលមានអ្នកចូលរួមលើសពី២០នាក់ពីរាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ និងគោរពតាមការណែនាំរាជរដ្ឋាភិបាល ដូច្នេះការបោះឆ្នោតត្រូវបានរៀបចំឡើងមិនឱ្យមានការជួបជុំលើសពី២០នាក់ គឺបោះឆ្នោតម្ដងមួយៗ តាមរយៈហិបឆ្នោត ចំពោះមុខគណៈកម្មការរៀបចំការបោះឆ្នោត និងអ្នកសង្កេតការណ៍ ដោយរក្សាគំលាត និងអនាម័យ ទៅតាមស្ដង់ដារ។ ចំពោះការឃោសនា និងដំណើរការកម្មវិធី គឺធ្វើឡើងតាមរយៈកម្មវិធី Zoom ។

ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីម៉ោង៩៖០០ព្រឹក ដល់ម៉ោង ៤៖០០ល្ងាច នៅអគ្គលេខាធិការដ្ឋាន សមាគមសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា អគារលេខ ៥០ ជាន់ទី៣ ផ្លូវលេខ ៥១៦ កែង នឹងផ្លូវលេខ ៣១៧ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖