(ព្រៃវែង)៖ វេទិកាសាធារណៈ និងពិគ្រោះយោបល់របស់រដ្ឋបាលព្រៃវែង ត្រូវបានរៀបចំធ្វើឡើងដើម្បីទទួលយកនូវសំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងន័យបម្រើសេវាដល់ពួកគាត់ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។

វេទិការនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយមានការចូលរួមពីលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត, លោកជា សុ មេធី អភិបាលខេត្តព្រៃវែង និងលោក ស្តើង សុខុម ប្រធានក្រុមការងារចុះជួយស្រុកកំចាយមារ។ សកម្មភាពនេះ ក៏មានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មេឃុំ/មេភូមិ មន្រ្តីរាជការសាលាស្រុក និងប្រជាពលរដ្ឋជាច្រើននាក់។

លោក ជា សុមេធី បានថ្លែងថា វេទិកានេះធ្វើឡើង ដើម្បីស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍស្រុក ឃុំ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាននារយៈកាលកន្លងមក និងផ្តល់នូវឱកាសជូនដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការបញ្ចេញមតិរបស់ខ្លួនពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរដែលបានស្នើឡើងក្នុងគោលបំណងពង្រឹងយន្តការ តម្លាភាពព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

លោកបានបញ្ជាក់ថា តាមរយៈការសម្របសម្រួលវេទិកា ពិគ្រោះយោបល់នេះ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួម ពីប្រជាពលរដ្ឋយ៉ាងសកម្មក្នុងការលើកឡើងជាសំណើរ សំណូមពរ កង្វល់ និងទំនាស់ជាដើម។

នៅឱកាសនោះដែរ ទាំងមន្ទីរជំនាញពាក់ព័ន្ធ និងសហការីបានបន្តដំណើរត្រួតពិនិត្យរថយន្តសង្រ្គោះបន្ទាន់ដែលខូច និងបានចុះពិនិត្យទីតាំងប្រព័ន្ធចែកចាយទឹកស្អាតស្រុក និងផ្លូវលំគ្រួសក្រហមដែលត្រូវជួសជុលប្រវែង ១៦៦៥ម៉ែត្រ ភូមិកន្លែងជ្រៅ ឃុំក្របៅផងដែរ៕