(ភ្នំពេញ)៖ បន្ទាប់ពីគុណគូរ និងគណនាតួលេខរួចមក លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា កម្ពុជាអាចចំណេញប្រាក់ក្នុងរង្វង់៣០លានដុល្លារក្នុងឆ្នាំ ពីការមិនអនុវត្តការព្យួរផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA របស់ចក្រភពអង់គ្លេស មកលើកម្ពុជា។

លោក ស៊ាង ថៃ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងមុខទំនិញ៤០ មុខ ដែល EU ដកចេញពីប្រព័ន្ធ EBA កម្ពុជានាំចេញទៅអង់គ្លេស ក្នុងឆ្នាំ២០១៩ បានចំនួន ៣០០ ០៥៨ ៤២៤ ដុល្លារ ដែលត្រូវបង់ពន្ធអស់ ៣២ ១២៨ ៣៣៦ ដុល្លា។ ដូចនេះ ពេលអង់គ្លេសមិនអនុវត្តការព្យួរ EBA យើងចំណេញពន្ធក្នុងរង្វង់ ៣០ លានដុល្លាក្នុង១ឆ្នាំ»

ការមិនអនុវត្តការព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះ ត្រូវបានក្រសួងពាណិជ្ជកម្មអះអាងថា នឹងជំរុញការរីកចម្រើនការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេស ឲ្យកាន់តែមានកំណើនថែមទៀត ខណៈទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ ក្នុង១ឆ្នាំៗមានប្រមាណ១ពាន់លានដុល្លារអាមេរិក។

ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ផងដែរ សម្រាប់កម្ពុជា ក្នុងតំបន់អឺរ៉ុប។ ទំនិញដែលកម្ពុជានាំចេញ ទៅអង់គ្លេសរួមមាន សម្លៀកបំពាក់ ស្បែកជើង កង់ជិះ អង្ករ និងផលិតកសិកម្មផ្សេងទៀត។

ទិន្នន័យដែលកត់ត្រាដោយក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា នៅឆ្នាំ២០១៩កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេស សម្រេច ១,០៥៧ លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេសមាន ជាង៩៧៧លានដុល្លារ និងអង់គ្លេសនាំមកម្ពុជា មានជិត៨០លានដុល្លារ។

នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្មថមថយបន្តិច ដោយក្នុងរយៈពេល១១ខែ ឆ្នាំ២០២០នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេស មានចំនួន ៨១៣លានដុល្លារ ក្នុងនោះកម្ពុជានាំទៅអង់គ្លេសមានចំនួន ៧៦៦លានដុល្លារអាមេរិក និងអង់គ្លេសនាំមកកម្ពុជាជាង៤៦លានដុល្លារ៕