(ព្រះសីហនុ)៖ កម្លាំងនគរ បាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បានស្រាវជ្រាវរហូតចាប់ខ្លួនជនជាតិចិន និងខ្មែរសរុប ៣នាក់ ដែលប្រព្រឹត្តិបទល្មើសឆក់ និងជួញដូរគ្រឿងញៀន។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះថា ករណីទី១៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២១៖៣០នាទី មានជនសង្ស័យ២នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាក BEAT ពណ៌ក្រហម-ស ស្លាកលេខ តាកែវ 1V-5325 បានធ្វើសកម្មភាពឆក់កាបូបរបស់ជនជាតិចិនម្នាក់ ភេទប្រុស នៅតាមបណ្តោយផ្លូវឆ្នេរអូរឈើទាល ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ក្រោយធ្វើសកម្មភាព ជនល្មើសបានជិះគេចខ្លួនយ៉ាងលឿនឆ្ពោះទៅតាមផ្លូវមុខកាស៊ីណូ វិមានខ្សាច់ស ភា្លមនោះជនរងគ្រោះបានជិះរថយន្ត១គ្រឿង ម៉ាក LEXUS RX330 ពណ៌ស ដេញតាមពីក្រោយ ពេលដេញដល់ចំណុច មុខកាស៊ីណូ ស៊ីនយ៉ុងលិ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ម៉ូតូរបស់ជនសង្ស័យបានជ្រុលចង្កូតទៅបុកជាមួយម៉ូតូកង់បី (PASS APP) ១គ្រឿង ដែលជិះបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យដួលរងរបួសស្រាល ហើយជនរងគ្រោះបានមកទាន់ រួចចុះពីរថយន្តទៅយកកាបូបដែលជនសង្ស័យទាំង២នាក់ ឆក់បានពីគាត់មកវិញ ហើយឡើងជិះរថយន្តចេញទៅបាត់ទៅ។

ភ្លាមៗនោះដែរ កម្លាំងនគរបាលក៏បានទៅដល់ ហើយឃាត់ខ្លួនជនសង្ស័យទាំង២នាក់តែម្តង។

ជនសង្ស័យទាំង២នាក់រួមមាន៖

*ទី១៖ ឈ្មោះ អ៊ុក សម្បត្តិ អាយុ២២ឆ្នាំ មានស្រុកកំណើតនៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ មិនពិតប្រាកដ ស្នាក់នៅចំណុចរោងចក្រទឹកកកអូរ៣ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
*ទី២៖ ឈ្មោះ ឃឹម តី ហៅ ពេជ្រ (ភេទទី៣) អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចក្រោយហេភីប៊ឺហ្គឺ ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យកបាន៖ ម៉ូតូ១គ្រឿង ម៉ាក BEAT ពណ៌ក្រហម-ស ស្លាកលេខ តាកែវ 1V-5325 (មធ្យោបាយជិះធ្វើសកម្មភាព)។ ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។

សម្រាប់ករណីទី២វិញ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២៣៖០០នាទី កំលាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានស្រាវជ្រាវ ចាប់ជនជាតិចិនម្នាក់ កំពុងជិះរថយន្តម្នាក់ឯងតាមផ្លូវឆ្នេរអូរឈើទាល ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ បន្ទាប់មក កម្លាំងសមត្ថកិច្ចយើងបានធ្វើការឆែកឆេរនៅលើខ្លួនជនសង្ស័យ រកឃើញគ្រឿងញៀនជាច្រើននិងអាវុធខ្លី ១ដើមបន្ថែមទៀត។

ជនសង្ស័យឈ្មោះ TANG ZHANG WEI ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរអ្នកនាំភ្ញៀវនៅកាស៊ីណូ ស៊ីងតាលូ លិខិតឆ្លងដែល (មិនយកជាប់ខ្លួន) ស្នាក់នៅសណ្ឋាគារ អាលីយ៉ា ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យកបានរួមមាន៖

*អាវុធខ្លី ០១ដើម ម៉ាក Zoraki 2914-TD មានលេខសម្គាល់ៈ 0620-000002, បង់កាំភ្លើង ០១ មានគ្រាប់កាំភ្លើង ០៩គ្រាប់។
*គ្រឿងញៀន ១០កញ្ចប់
*ថ្នាំគ្រាប់ពណ៌ក្រហម មានអក្ស WY ០១កញ្ចប់ មាន០៥គ្រាប់
*ក្រដាសអាលុយមីឡូមសម្រាប់ប្រើគ្រឿងញៀនមួយចំនួន
*រថយន្ត ០១គ្រឿង ម៉ាក LEXUS RX330 ពណ៌ប្រផេះ ស្លាកលេខៈ ភ្នំពេញ 2BA-4980៕