(ព្រៃវែង)៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានថ្លែងថា ការដាំបន្លែក្នុងផ្ទះសំណាញ់ទទួលបានផលខ្ពស់ និងមានការចាប់អារម្មណ៍ពីប្រជាកសិករយ៉ាងច្រើននៅក្នុងខេត្តព្រៃវែង ក្នុងការដាំដុះដំណាំនេះ និងមានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ព្រមទាំងមានទីផ្សារល្អផងដែរ។

លោក អ៊ុក សំណាង បានឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះថា ជាក់ស្តែងមានកសិករម្នាក់ឈ្មោះ ជា វណ្ណា ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិក្តីដូង ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង បានចាប់យកមុខរបរដាំបន្លែ ផ្ទះសំណាញ់ត្រូវបានជ្រើសរើសជាសមាជិកបណ្តុំអាជីវកម្មបន្លែ ដែលបានសម្របសម្រួល និងបង្កើតឡើងដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ឆ្នាំ២០១៨ ដែលមានសមាជិកសរុប ៤៥នាក់។

លោកបានបន្តថា កន្លងមកគាត់ត្រូវបានជ្រើសរើសសម្រាប់បង្ហាញបន្លែសុវត្តិភាពតាមរយៈផ្ទះសំណាញ់ពីកម្មវិធី Aspire ដោយបានទទួលនូវផ្ទះសំណាញ់ចំនួន ១ខ្នង (ទទឹង៧ម x បណ្តាយ២៤ម) ក្នុងតំលៃសរុប ៩០០ដុល្លារ (កសិករបដិភាគចំនួន៣០០ដុល្លារ, កម្មវិធីបដិភាគចំនួន៦០០ដុល្លារ) គ្រាប់ពូជ ធុងទឹក។ល។

លោកប្រធានមន្ទីររូបនេះ បានបញ្ជាក់ថា ក្រោយបានបញ្ចប់នៃការធ្វើបង្ហាញ និងតាមរយៈនៃផ្ទះសំណាញ់នេះ លោក ជា វណ្ណា និងភរិយា បានបន្តដំណើរការដាំដុះដាំបន្លែយកស្លឹកសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក (ផ្សារឈើកាច់ ផ្សារអ្នកលឿង) ដោយមានតំលៃចន្លោះពី ៤០០០-៥០០០រៀល ក្នុង១Kg ទៅតាមប្រភេទដំណាំ។ ជាទូទៅលោក ជា វណ្ណា អាចដាំបន្លែយកស្លឹកដូចជាស្ពៃចង្កឹះ ស្ពៃរួញ ស្ពៃជើងទា ឬប្លក់ចយ ជាមធ្យមចន្លោះពី៥-៦ដងក្នុង១ឆ្នាំ។ ក្នុង១លើក នៃផលិតកម្មគាត់ទទួលប្រាក់ចំណេញសុទ្ធ (Net Profits) ជាមធ្យមចន្លោះពី៦០-៧០ម៉ឺនរៀល ដោយគ្រាន់តែចំណាយត្រឹម២០-២៥ម៉ឺនរៀលក្នុង១លើក លើសម្ភារមួយចំនួនរួមមាន៖ គ្រាប់ពូជ ការរៀបចំដី ជីធម្មជាតិ កំលាំងពលកម្ម ប្រេងបូបទឹក កំបោស អង្កាម។ល។

លោកបានបន្ថែមថា បើប្រៀបធៀបការដាំបន្លែកន្លងមកនៅក្រៅផ្ទះសំណាញ់ ឬទីវាលធម្មតាលោក ជា វណ្ណា ទទួលបានផលមិនសូវខ្ពស់ឡើយ ព្រមចំណាយពេលវេលាក្នុងកាថែទាំច្រើន ពេលខ្លះប្រើប្រាស់ថ្នាំពុល ក្នុងករណីមានជំងឺ និងសត្វល្អិតចង្រៃបំផ្លាញខ្លាំង ហើយដាំបានជាមធ្យមចន្លោះពី២-៣ដងប៉ុណ្ណោះ ក្នុងមួយឆ្នាំ ដោយសារកក្តាអាកាសធាតុ (ភ្លៀងជ្រុំ ឬក្តៅពេក)។

លោកថា តាមរយៈនៃការដាំបន្លែក្នុងផ្ទះសំណាញ់ ដែលទទួលបានផលខ្ពស់ មានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ មានទីផ្សារល្អថ្មីៗនេះ គាត់ និងគ្រួសារបានសម្រេចពង្រឹក ឬសាងសង់ផ្ទះសំណាញ់១រោងទៀត ដោយខ្លួនឯង ដែលមានទទឹង៤ម៉ែត្រ បណ្តោយ៩ម (សរសេរបេតុង ខាងលើឬស្សី និងព័ទ្ធពីលើដោយសំណាញ់) និងកំពុងដំណើរការផលិតដំណាំស្ពៃកាឆយផងដែរ៕