(កំពង់ឆ្នាំង)៖ ពេញមួយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់ និងកំពង់ធំ ព្រមទាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បួង ខាងជើងបឹងទន្លេសាប បានបើកយុទ្ធនាការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ ក្នុងភូមិសាស្ត្រព្រំប្រទល់ជាប់គ្នា នៃខេត្តទាំង៣ នៅចំណុចកដប។

ប្រតិបត្តិការនេះ ដឹកនាំដោយ លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋបាលជលផល និងលោក ឃុន សាវឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម។

លោក ហាស់ សារ៉េត បានឲ្យដឹងថា ប្រតិបត្តិការពេញមួយថ្ងៃនេះ កម្លាំងសមត្ថកិច្ចរដ្ឋបាលជល ផលខាងត្បូង ខាងជើងបឹងទន្លេសាប បានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលទាំង៣ខេត្ត, កម្លាំងយោធាជើងទឹកវរ១៥, កងរាជអាវុធហត្ថ និងអាជ្ញាធរឃុំស្រុកសរុបមាន ចំនួន៤៥នាក់ មធ្យោបាយកាណូតតូចធំចំនួន១១គ្រឿង បានប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទដាក់ របាំងលបណរ៉ាវ ដែលមានប្រវែងវែងៗ ខុសច្បាប់ស្តីពីជលផលនៅចំណុចព្រំប្រទល់ជាប់៣ខេត្ត រួមមានចំណុចកដប ចំណុចក្រចាប់ ចំណុចកោះតាបរ និងចំណុចអន្លុងបាយក្អែក ដែលចំណុចទាំងអស់ខាងលើ គឺជាផ្លូវទឹកសំរាប់ត្រីចរាចរណ៍ឡើងចុះ។

នៅចំណុចទាំងនេះ គឺជាចំណុចសំខាន់បំផុតដែលជាផ្លូវត្រីចុះពីបឹងទន្លេសាបចូលមកតាមទន្លេ រួចបន្តដំណើរទៅទន្លេចតុមុខ និងឡើងទៅ តាមទន្លេមេគង្គឆ្លងកាត់ខេត្តកំពង់ចាម ក្រចេះ និងស្ទឹងត្រែង ដែលនៅក្នុងរដូវនេះប្រជានេសាទលក្ខណៈគ្រួសារ អាចចាប់ត្រីទាំងនោះបាន ដោយការដាក់មងសន្ទូចធ្វើត្រីប្រហុក ផ្អកទុកទៅតាមទម្លាប់ពីដូនតា។

ដោយសារតែចំណុចទាំងនោះ ជាផ្លូវសំខាន់របស់ត្រីបែបនេះ ទើបរៀងរាល់ឆ្នាំ បទល្មើសនេសាទនៅចំណុចនេះ តែងកើតមានឡើងគ្មានឈប់ឈរ បើទោះបីសមត្ថកិច្ចជំនាញខិតខំបង្ក្រាបយ៉ាងណាក៏ដោយ។ រីឯការរួមគ្នាបង្ក្រាបបែបនេះ គឺក្នុងគោលបំណងបើកផ្លូវឲ្យត្រីបានចេញពីបឹងទន្លេសាប ចុះមកតាមដងទន្លេសម្រាប់ឲ្យប្រជានេសាទ បានរកនេសាទ ក៏ដូចជាផ្តល់ឱកាសជូនប្រជានេសាទ បានទទួលផលក្នុងរដូវនេសាទនេះផងដែរ។

ដោយឡែក លោក អេង ជាសាន ក៏បានបញ្ជាក់ថា លទ្ធផល នៃការបង្ក្រាបកម្លាំងសមត្ថកិច្ចចម្រុះ បានរុះរើបំផ្លាញចោលនូវរបាំងសាច់អួនប្រវែងជិត៨ពាន់ម៉ែត្រ បង្គោលចំនួន៣ពាន់ដើម លបលូសាច់អួនចំនួន៣៧លប និងបានចាក់លែងត្រីចម្រុះតូចៗ ចូលទន្លេវិញចំនួន៣៤០គីឡូក្រាមផងដែរ។

ក្នុងនោះ ក្រុមការងារបានពន្យល់ណែនាំដល់ប្រជានេសាទទាំងអស់ ឲ្យពួកគាត់យល់ពីការវិនាសផុតពូជ នៃផលមច្ឆាជាតិទឹកសាប បើពុំមានការភ្ញាក់រលឹកពីបងប្អូនប្រជានេសាទនោះទេ។

សូមបញ្ជាក់ថា បទល្មើសនេសាទច្រើនប្រភេទ មានការដាក់របាំងស្បៃមុង របាំងសាច់អួន ដាក់សម្រាស់ នៅតែកើតមានឡើង បើទោះបីមានការប្រឹងប្រែងផ្សព្វផ្សាយ និងការពន្យល់ណែនាំពីអាជ្ញាធរ និងសមត្ថកិច្ចជំនាញ រហូតមានការបង្ក្រាបរបស់មន្ត្រីជំនាញយ៉ាងណាក្តី៕