(ភ្នំពេញ)៖ ដោយសង្កេតឃើញថា មកដល់ពេលនេះ ជារដូវរំហើយ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះបញ្ហាអគ្គិភ័យ ដោយនៅមុនពេកចេញពី ផ្ទះសូមពិនិត្យមើលនៅភ្លើងចង្ក្រាន ទាន ធូប បញ្ហាចរន្តអគ្គិសនី សូមចៀសវាងកុំដាក់ដាំបាយ ដាំទឹក ទុកចោលជាដើម។

លោក ថេង សុថុល និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានលើកឡើងបែបនេះ នៅក្នុងឱកាសនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ នៅក្នុងសង្កាត់ទន្លេបាសាក់ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន អភិបាលរងខណ្ឌ និងមន្ត្រីខណ្ឌ-សង្កាត់ផងដែរ។

ជាមួយគ្នានេះដែរ លោក ថេង សុថុល បានជម្រាបជូនប្រជាពលរដ្ឋថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការកម្មង់ទិញវ៉ាក់សាំង ការពារមេរោគកូវីដ-១៩ ជាជំហានដំបូង ចំនួន១លានដូស សម្រាប់យកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ក្នុងឱកាសនេះ លោកអភិបាលខណ្ឌ បានសំណូមពរឲ្យចៅសង្កាត់ក្នុងមូលដ្ឋានខណ្ឌ ត្រូវតែបម្រើសេវាកម្មលើលិខិតស្នាមរដ្ឋបាល ជូនប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយប្រជាពលរដ្ឋនោះទេ ប្រសិនបើប្រជាពលរដ្ឋ ត្រូវការបំពេញឯកសារ ឬលិខិតស្នាមផ្សេងៗបើមករកមន្ត្រី ហើយទទួលបានការប្រើសំដី ឬអាកប្បកិរិយាមិនសមរម្យមកលើបងប្អូន សូមបងប្អូនប្រជាពលរដ្ឋរាយការណ៍ មកលោកភ្លាមៗដើម្បីលោកមានវិធានការ រដ្ឋបាលចំពោះមន្ត្រីនោះ។

លោក ថេង សុថុល ក៏បានសុំឲ្យប្រជាពលរដ្ឋទាំងអស់ រស់នៅក្នុងមូលដ្ឋាន ខណ្ឌចំការមន និងក្នុងរាជធានីភ្នំពេញ រៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងបន្តអនុវត្តវិធាន របស់ក្រសួងសុខាភិបាលពាក់ព័ន្ធ និងការបង្ការ ការពារជម្ងឺកូវីដ១៩ ត្រួវលាងដៃឲ្យបានញឹគញាប់ ត្រូវពាក់ម៉ាសជាប់ជាប្រចាំ និងមិនត្រូវនៅកន្លែងណាដែលមានមនុស្ស ប្រមូលផ្តុំច្រើន បើមិនមានការចាំបាច់មិនត្រូវចេញក្រៅផ្ទះជាដាច់ខាត។

ឆ្លៀតក្នុងឱកាសនេះ លោកប្រធានអនុសាខាកាកបាទក្រហមខណ្ឌចំការមន បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងបានចាត់ឲ្យសាខា និងអនុសាខាកាកបាទក្រហមទាំងអស់ ចុះឲ្យដល់មូលដ្ឋាន និងនាំយកអំណោយចែកជូន ដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត ជនចាស់ជរា និងជនងាយរងគ្រោះជាដើមនោះ ទើបក្រុមការងារ បានស្រាវជ្រាវ និងចែកអំណោយ ជូនដូចជាក់ស្ដែងនៅពេលនេះ និងនៅពេលកន្លងមក ពោលគឺចែកជូនពលរដ្ឋដែលខ្វះខាតទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌចំការមននេះ។

សូមបញ្ជាក់ថា អំណោយដែលចែកជូន ប្រជាពលរដ្ឋក្នុង១គ្រួសារ ទទួលបានអង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ ស្កសរ សាប៊ូ ម៉ាស អាកុល ចំនួនទឹកដោះគោ មី និងថវិកាចំនួន ៤០,០០០រៀល ក្នុងនោះអនុសាខាខណ្ឌ២០,០០០រៀល និងសង្កាត់២០,០០០រៀល៕