(សៀមរាប)៖ ក្រសួងបរិស្ថាន ដឹកនាំក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ ៣០នាក់ មកពី២០ស្ថាប័ន ដើម្បីស្វែងយល់ពីការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡស៊ី នៅឧទ្យានជាតិជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ក្នុងខេត្តសៀមរាប។

ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងសំខាន់ ដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជន អំពីការអនុវត្តសាកល្បងគម្រោងបង់ថ្លៃសេវាកម្ម ប្រព័ន្ធអេកូឡូស៊ី (Payment for Ecosystem Services) ឬហៅកាត់ថា ភី អ៊ី អេស (PES) ដែលជាយន្តការ ហិរញ្ញវត្ថុសំដៅដល់ «អ្នកប្រើប្រាស់សេវាកម្ម ប្រព័ន្ធអេកូឡូស៊ីត្រូវបង់ថ្លៃ ជាសាច់ប្រាក់ដល់អ្នកដែល ការពារប្រព័ន្ធអេកូឡូស៊ី ដើម្បីធានាដល់និរន្តរភាព នៃសេវាកម្មដែលផលិត ដោយប្រព័ន្ធអេកូឡូស៊ី នៅតំបន់ណាមួយ»

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីគោលបំណង នៃដំណើរទស្សនកិច្ចក្រុមអ្នកសារព័ត៌មាននេះថា គឺដើម្បីឱ្យការអនុវត្តសាកល្បង ការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី អាចប្រព្រឹត្តទៅបានចាំបាច់ ត្រូវមានការផ្សព្វផ្សាយឱ្យសាធារណជន និងអ្នកពាក់ព័ន្ធបានយល់ដឹងអំពីទី១៖ សារៈសំខាន់នៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី នៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែន, ទី២៖ គោលបំណងនៃការអនុវត្ត PES, ទី៣៖ យន្តការនៃការអនុវត្ត PES, ទី៤៖ ថវិកាប៉ាន់ស្មានពីការអនុវត្ត PES និងទី៥៖ ការប្រើប្រាស់ថវិកាដែលប្រមូល បានពីការអនុវត្ត PES។

មន្ត្រីជាន់ខ្ពស់រូបនេះ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចដល់ក្រសួងបរិស្ថានពិនិត្យ និងសិក្សាអនុវត្តសាកល្បងការបង់ថ្លៃសេវាប្រព័ន្ធអេកូឡូស៊ីនេះជាមួយអ្នកពាក់ព័ន្ធ និងរៀបចំគោល នយោបាយនៃការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនេះដើម្បីរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។

លោក នេត្រ ភក្ត្រ បានពន្យល់ថា ប្រព័ន្ធអេកូឡូស៊ី សំដៅដល់អន្តរទំនាក់ទំនងរវាងភាវៈមានជីវិត និងមជ្ឈដ្ឋាន ឬទីជម្រកដែលពួកវារស់នៅ ហើយលំហូរនៃអន្តរទំនាក់ទំនងនេះ បង្កើតបានជាប្រយោជន៍ជាច្រើន សម្រាប់មនុស្ស ដែលយើងហៅថា «សេវាកម្មប្រព័ន្ធអេកូឡូស៊ី» ហើយចាំបាច់បំផុតត្រូវការការពារ និងអភិរក្សឱ្យបានគង់វង្ស ដូចជាការពារប្រភពទឹកក្រោមដី សម្រាប់ការប្រើប្រាស់យូរអង្វែង។ ទឹកគឺជាផ្នែកមួយ នៃប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី។ បើគ្មានទឹក នោះមនុស្សសត្វ រុក្ខជាតិនឹងស្លាប់។

លោក នេត្រ ភក្ត្រា បានបន្ថែមថា ការកើនឡើងនៃចំនួនមនុស្ស នៅលើពិភពលោក បានបង្កើតនូវសេចក្តីត្រូវការ សេវាប្រព័ន្ធអេកូឡូស៊ី តែការផ្គត់ផ្គង់របស់សេវាប្រព័ន្ធអេកូឡូស៊ីនេះ មានការថយចុះពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះមនុស្សភ្លេចគិតថាមនុស្សយើង មានទំនាក់ទំនងទៅនឹងធម្មជាតិ ហើយយើងក៏មិនបានយកចិត្តទុកដាក់ ដល់សុខភាពនៃប្រព័ន្ធអេកូឡូស៊ី ដែលបានផ្តល់សេវា និងផលប្រយោជន៍ដល់យើងដែរ។ ថវិការបស់រដ្ឋាភិបាល សម្រាប់គាំទ្រកិច្ចការពារប្រព័ន្ធអេកូឡូស៊ី នៅមានកម្រិតកំណត់ ដូច្នេះយើងត្រូវចូលរួមបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី ពីអ្នកដែលបានប្រើប្រាស់វាជាប្រយោជន៍។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថា «យើងទាំងអស់គ្នាចាំបាច់ត្រូវ ស្វែងយល់ឱ្យបានច្បាស់លាស់ ពីគម្រោងបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនេះ ព្រោះវាមានតួនាទីចាំបាច់ ក្នុងការចូលរួមការពារប្រព័ន្ធអេកូឡូស៊ីដែលមាន។ តាមរយៈការផ្សព្វផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន យើងខ្ញុំសង្ឃឹមនិងជឿជាក់ថា សាធារណជននឹងយល់កាន់តែច្បាស់ពីសារៈសំខាន់ នៃប្រព័ន្ធអេកូឡូស៊ីសម្រាប់ភពផែនដីជា ពិសេសសម្រាប់មនុស្ស ហើយអ្នកពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ី នឹងចូលរួមអនុវត្តគម្រោងសាកល្បងនេះ ឱ្យបានជោគជ័យ»