(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ គណៈកម្មការអន្តរក្រសួង រួមមានតំណាងទីស្តីការគណៈរដ្ឋមន្ត្រី និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ ប្រគល់-ទទួល ការងារសាងសង់អគារខេមរៈវិទូ ក្នុងរាជបណ្ឌិតសភាកម្ពុជា ស្ថិតនៅរាជធានីភ្នំពេញ។

សមាសភាពគណៈកម្មការរួមមាន លោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាតំណាងទីស្តីការគណៈរដ្ឋមន្ត្រី (ភាគីអ្នកម្ចាស់ការ), លោក ឃុត ធីរិទ្ធ ប្រធានការិយាល័យលទ្ធកម្ម សំណង់ និងសេវាទី១ ជាតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងលោកឧត្តមសេនីយ៍ត្រី ចាន់ សុខឡា មេបញ្ជាការរងកងវិស្វកម្ម ជាតំណាងកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប (ភាគីអ្នកទទួលការ)។

សូមបញ្ជាក់ថា អគារខេមរៈវិទូ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលផ្តល់ឲ្យរាជបណ្ឌិតសភាកម្ពុជា៕