(ភ្នំពេញ)៖ នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន ៥៨៦ គ្រឿងទៀត ក្នុងនោះមានម៉ូតូ ៤០៥ គ្រឿង និងរថយន្ត ១៨១ គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យអគ្គស្នងការ រយៈពេល ២៣០ ថ្ងៃនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ ៣៩ ពោលគឺថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២៣៤,៦៩៦ គ្រឿង ក្នុងនោះមានម៉ូតូ ១៧២,៥៤៧ គ្រឿង និងរថយន្តគ្រប់ប្រភេទ ៦២,១៤៩ គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក លើសចំណុះ អត់ស្លាកលេខ និងប្រើប្រាស់ទូរស័ព្ទដៃជាដើម។ ដោយឡែក បទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ ស្រវឹង អត់បណ្ណបើកបរ អត់ខ្សែក្រវាត់ និងប្រើប្រាស់ទូរស័ព្ទដៃជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា រយៈពេល ២៣០ ថ្ងៃមកនេះ ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ៩ លើក ក្នុងនោះស្លាប់ ៥ នាក់ របួស ១៥ នាក់ (របួសធ្ងន់ ៩ នាក់)។

ដោយឡែក រយៈពេល ២៣០ ថ្ងៃមកនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,៨៨៨ លើក បណ្ដាលឱ្យមនុស្សស្លាប់ ៩៥៣ នាក់ របួស ២,៨២៣ នាក់ (របួសធ្ងន់ ១,៧០៤ នាក់)៕