(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងកងកម្លាំងទាំងអស់ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានចូលរួមឧបត្ថម្ភជាថវិកាចំនួន ២៦លាន ៦៥ម៉ឺនរៀល តាមរយៈរដ្ឋបាលខេត្តកណ្តាលជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា។

នៅក្នុងពិធីទទួលថវិកានាថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០២០នេះ លោក គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាល បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧត្តមសេនីយ៍ត្រី សំ តុលា និងកងកម្លាំងរាជអាវុធហត្ថទាំងអស់ ក្នុងខេត្តកណ្តាល ដែលបានរួមគ្នាបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ ៕