(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ដែលជាទីក្រុងទេសចរណ៍វប្បធម៌ដ៏ទាក់ទាញរបស់កម្ពុជានោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាប្រមាណ ១៥០លានដុល្លារអាមេរិក ដើម្បីស្ថាបនាផ្លូវ ហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងកែលម្អស្ទឹងសៀមរាបផងដែរ។

ការដ្ឋានស្ថាបនាផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អដងស្ទឹងសៀមរាប ត្រូវបានធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងទីក្រុងសៀមរាប ទាំង ៣៨ខ្សែនេះ មានប្រវែង ១០៨,៧៤គីឡូម៉ែត្រ។ ការស្ថាបនានេះ គ្រោងប្រើប្រាស់ថវិកាជាតិសរុបជាង ១៤០លានដុល្លារអាមេរិក និងថវិកាជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ។

ក្រៅពីការសាងសង់ផ្លូវទាំង ៣៨ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ចេញថវិកាប្រមាណ ៥លានដុល្លារ ដើម្បីកែលម្អស្ទឹងសៀមរាបប្រវែងជិត ៩គីឡូម៉ែត្រផងដែរ។

ផ្លូវទាំង៣៨ ខ្សែនេះ ត្រូវបានបែងចែកជា ៤ប្រភេទ រួមមាន៖

ប្រភេទទី១៖ ជាផ្លូវដែលស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវជួសជុល ដោយអ៊ុតក្រាលបេតុងកៅស៊ូ AC (Asphalt Concrete) កម្រាស់ ៥ ស.ម ឡើងវិញ (Overlay)។
ប្រភេទទី២៖ ជាផ្លូវដែលស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកម្រាស់២០ស.ម រួចក្រាលបេតុង កៅស៊ូAC កម្រាស់ ៧ស.ម ពីលើ។
ប្រភេទទី៣៖ ជាផ្លូវដែល មិនស្ថិតនៅតំបន់មានភ្ញៀវទេសចរធ្វើដំណើរច្រើន នឹងត្រូវ សាង សង់ ថ្មី ដោយចាក់ក្រាលបេតុង សរសៃដែក កម្រាស់ ២០ស.ម។
ប្រភេទទី៤៖ ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវដែលមានតួផ្លូវនៅល្អ នឹងត្រូវជួសជុល អ៊ុត ក្រាល បេតុងកៅស៊ូ AC ឡើងវិញ ចំណែកកំណាត់ផ្លូវដែលមានតួផ្លូវ មិនល្អនឹងត្រូវសាងសង់ ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់២៥ស.ម។

ខ្សែផ្លូវទាំង ៣៨ខ្សែនេះ នឹងមានរៀបចំបណ្តាញលូទឹកភ្លៀង លូទឹកកខ្វក់ ប្រព័ន្ធការពារទឹកជំនន់បញ្ចៀស ការជន់លិចទីក្រុង រៀបខឿនចិញ្ចើមផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ ហើយព្រមទាំងបាន គិតគូរពីទិដ្ឋភាពផ្សេងៗទៀតមានជាអាទិ៍ដូចជា៖ បណ្តាញខ្សែកាប ប្រព័ន្ធបញ្ជូនអគ្គិសនី ផ្លូវ ថ្មើ ជើង, ផ្លូវសម្រាប់ជនពិការ, ផ្លូវជិះកង់, ចំណតរថយន្ត, ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍, ប្រព័ន្ធ កាមេរ៉ាសុវត្ថិភាព, សួនច្បារ និងការដាំដើមឈើលម្អផ្លូវជាដើម៕