(កំពត)៖ លោក កែម មុនីវណ្ណ ប្រជាពលរដ្ឋម្នាក់រស់នៅឃុំអណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត បានដាក់ពាក្យប្តឹងទៅកាន់អភិបាលខេត្តកំពត ដោយប្តឹងឈ្មោះ សែម សឿន, លោក ឈុន សាវឿន, លោក ជឹម វុទ្ធី និងបក្ខពួក ក្រោមការចោទប្រកាន់ថាបានប្រើអំណាចមករំលោភដីធ្លីរបស់លោក ដែលកំពុងកាន់កាប់នាពេលសព្វថ្ងៃនេះ។

ការដាក់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋរស់នៅក្រុងកំពតម្នាក់នេះ ធ្វើឡើងបន្ទាប់ពីលោក លោក សែម សឿន ដែលមានតួនាទីជាមេបញ្ជាការរងអាវុធហត្ថខេត្តកំពត និងបក្ខពួកជាច្រើននាក់ បាននាំគ្នាទៅកាប់ និងដុតបំផ្លាញដំណាំ ព្រមទាំងដាក់របងព័ទ្ធយកដីរបស់ខ្លួន។

នៅក្នុងពាក្យបណ្តឹងរបស់លោក កែម មុនីវណ្ណ ដែលបានដាក់ជូនអភិបាលខេត្តកំពត នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ បានរៀបរាប់ថា «ឈ្មោះ សែម សឿន, ឈុន សារឿន, ជឹម វុទ្ធី និងបក្ខពួក ដែលបានប្រើអំណាចរំលោភបំពានដីរបស់ខ្ញុំបាទ ស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ខេត្តកំពត»។

នៅក្នុងពាក្យបណ្តឹងបានគូសបញ្ជាក់បន្ថែមថា នៅថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២០ ឈ្មោះ សែម សឿន មេបញ្ជាការរងរាជអាវុធហត្ថខេត្តកំពត បានបញ្ជាឲ្យកម្មករចំនួន០៤នាក់ មកកាប់បំផ្លាញផលដំណាំនៅលើទីតាំងដីរបស់លោក (ដោយមិនមានឯកសារបញ្ជាក់ត្រឹមត្រូវ) ទោះបីជាលោក (កែម មុនីវណ្ណ) ខំប្រឹងរារាំងសុំឲ្យផ្អាកសកម្មភាពយ៉ាងណាក្តី ក៏ឈ្មោះនេះមិនព្រមស្តាប់ ដោយអាងអំណាចរំលោភបំពានមកលើខ្លួនដែលជាម្ចាស់ដីស្របច្បាប់ពិតប្រាកដ។

យ៉ាងណាក៏ដោយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីលោក សែម សឿន បាននៅឡើយទេចំពោះការចោទប្រកាន់ខាងលើនេះ។

សូមរម្លឹកថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បុគ្គលឈ្មោះ កែម មុនីវណ្ណ ជាម្ចាស់ដីទំហំចំនួន ៤០០០០ម៉ែត្រការ៉េ បានដាក់ពាក្យទៅរដ្ឋបាលខេត្ត ដើម្បីស្នើសុំវាស់វែង និងចេញប័ណ្ណកម្មសិទ្ធលើទីតាំងរបស់លោក ហើយរដ្ឋបាលខេត្ត បានចេញសេចក្តីជូនដំណឹងទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ពិនិត្យ និងរាយការណ៍តាមរយៈលិខិតលេខ ៤៣៤/២០ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។

នៅក្នុងសាលាកបត្រព័ត៌មានមួយដែលទទួលស្គាល់ពីមេឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត បានបង្ហាញឲ្យឃើញថាឈ្មោះ កែម មុនីវណ្ណ ពិតជាមានដីធ្លីទំហំចំនួន៤០០០០ម៉ែត្រការ៉េ ដែលកាន់កាប់តាំងពីឆ្នាំ១៩៩៣ និងជាអំណោយដីរដ្ឋ ដែលជាប្រភេទដីកសិកម្មប្រាកដមែន៕