(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ នាទីស្ដីការក្រសួងកសិកម្ម បានអញ្ជើញចូលរួម ជាសហប្រធានកិត្តិយស ក្នុងពិធីបើកសិក្ខាសាលា និងពិព័រណ៍ផ្នែកកសិកម្មអន្តរជាតិ អាស៊ី-អឺរ៉ុប លើកទី៤ ដែលប្រព្រឹត្តធ្វើឡើង តាមរយៈប្រព័ន្ធវីដេអូ។

ក្នុងពិធីនេះ លោករដ្ឋមន្ត្រី វេង សាខុន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈគោលនយោបាយខ្សែក្រវាត់ និងផ្លូវ បានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើន យ៉ាងឆាប់រហ័ស ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា៖ ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ ធារាសាស្ត្រកសិកម្ម និងជាពិសេសវិនិយោគិនចិន មកវិនិយោគនៅកម្ពុជាផងដែរ។

លោករដ្ឋមន្ត្រី វេង សាខុន ក៏បានវាយតម្លៃខ្ពស់ចំពោះ Huehe International Businees Consultancy ដែលបានរៀបចំសិក្ខាសាលា និងពិព័រណ៍ផ្នែកកសិកម្ម នេះឡើង ដើម្បីចូលរួមលើកស្ទួយការធ្វើទំនើបកម្ម ក្នុងវិស័យកសិកម្ម និងផ្តល់ឱកាសដល់ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកផលិតជួបគ្នា ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកភាពជាដៃគូរវាងគ្នា។

ក្នុងព្រឹត្តិកាណ៍នេះ លោករដ្ឋមន្ត្រី វេង សាខុន បានបន្ថែមទៀតថា គឺពិតជាស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជំរុញកសិកម្មទំនើប ប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព តាមអភិក្រម រដ្ឋ-ដៃគូអភិវឌ្ឍន៍-ឯកជន-សហគមន៍កសិកម្ម។

ការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ បានធ្វើឲ្យមានការប៉ះពាល់ជាខ្លាំង ដល់សេដ្ឋកិច្ចពិភពលោក រាប់ទាំងកម្ពុជាផងដែរ ហេតុនេះ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច និងសន្តិសុខស្បៀងសម្រាប់ប្រជាជនកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលាជាច្រើន ក្នុងនោះ គឺជំរុញផលិតកម្មកសិកម្ម ក្នុងស្រុក តាមរយៈការលើកទឹកចិត្ត និងផ្តល់ប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាបដល់កសិករ និងសហគ្រាសខ្នាតតូចនិងមធ្យម។

សូមជម្រាបជូនថា សិក្ខាសាលា និងពិព័រណ៍ផ្នែកកសិកម្មអន្តរជាតិ អាស៊ី-អឺរ៉ុប លើកទី៤ ដែលប្រព្រឹត្តធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីតំណាងប្រទេសប្រមាណជា២០ប្រទេស ក្នុងតំបន់អាស៊ី អឺរ៉ុប និងអាហ្វិក៕